ប៉ូលការពារដំណឹងល្អនៅយេរូសាឡិម1 លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមម្ដងទៀតជាមួយបារណាបាស ទាំងយកទីតុសទៅជាមួយដែរ។ 2 ខ្ញុំបានឡើងទៅស្របតាមការបើកសម្ដែង ហើយរៀបរាប់ដល់ពួកគេនូវដំណឹងល្អដែលខ្ញុំប្រកាសក្នុងចំណោមសាសន៍ដទៃ។ រីឯដល់ពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ ខ្ញុំបានរៀបរាប់ដោយឡែក ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចហើយនោះ នឹងទៅជាឥតប្រយោជន៍វិញ។ 3 យ៉ាងណាមិញ សូម្បីតែទីតុសដែលនៅជាមួយខ្ញុំ ក៏មិនត្រូវគេបង្ខំឲ្យទទួលពិធីកាត់ស្បែកដែរ ទោះបីគាត់ជាជនជាតិក្រិកក៏ដោយ។ 4 តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។ 5 យើងមិនព្រមចុះចូលនឹងពួកគេឡើយ សូម្បីតែមួយភ្លែត ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បន្តស្ថិតនៅក្នុងចំណោមអ្នករាល់គ្នា។ 6 រីឯចំពោះពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ (ទោះបីជាពីមុន ពួកគេជាអ្វីក៏ដោយ ក៏មិនសំខាន់អ្វីសម្រាប់ខ្ញុំទេ ពីព្រោះព្រះមិនរើសមុខអ្នកណាឡើយ) គឺពួកអ្នកទាំងនោះដែលគេចាត់ទុកជាអ្នកដឹកនាំ មិនបានបន្ថែមអ្វីផ្សេងទៀតដល់ខ្ញុំឡើយ 7 ផ្ទុយទៅវិញ ពួកគេឃើញថា ខ្ញុំត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែលពេត្រុសត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលទទួលពិធីកាត់ស្បែកដែរ 8 ដ្បិតព្រះអង្គដែលធ្វើការក្នុងពេត្រុស តាមរយៈមុខងារជាសាវ័ករបស់គាត់ដល់អ្នកដែលទទួលពិធីកាត់ស្បែក ក៏បានធ្វើការសម្រាប់សាសន៍ដទៃ ក្នុងខ្ញុំដែរ។ 9 នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។ 10 ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំអំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខំប្រឹងធ្វើដែរ។ មានសេរីភាពរួចពីក្រឹត្យវិន័យ11 ប៉ុន្តែកាលកេផាសបានមកដល់អាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងគាត់ចំពោះមុខគាត់ ពីព្រោះគាត់មានការដែលគួរឲ្យបន្ទោស។ 12 ដ្បិតមុនពេលមានអ្នកខ្លះបានមកពីយ៉ាកុប គាត់តែងតែហូបជាមួយសាសន៍ដទៃ ប៉ុន្តែនៅពេលអ្នកទាំងនោះបានមកដល់ គាត់ក៏ដកខ្លួនថយ ហើយញែកខ្លួនចេញ ដោយខ្លាចពួកកាត់ស្បែក។ 13 ជនជាតិយូដាឯទៀតក៏ធ្វើពុតជាមួយគាត់ដែរ រហូតដល់សូម្បីតែបារណាបាសក៏ត្រូវបានអូសទាញទៅក្នុងពុតត្បុតរបស់ពួកគេ។ 14 ប៉ុន្តែនៅពេលខ្ញុំឃើញថា ពួកគេមិនបានដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរកេផាសនៅមុខទាំងអស់គ្នាថា៖ “ប្រសិនបើលោក ដែលជាជនជាតិយូដា បែរជារស់នៅដូចសាសន៍ដទៃ ហើយមិនរស់នៅដូចជនជាតិយូដាទេ តើលោកនឹងបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាដូចម្ដេចកើត?”។ 15 យើងជាជនជាតិយូដាពីកំណើត គឺមិនមែនជា “មនុស្សបាបពីចំណោមសាសន៍ដទៃ” ទេ 16 ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ 17 ប៉ុន្តែប្រសិនបើយើងព្យាយាមឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ ហើយបែរជាឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរ នោះតើព្រះគ្រីស្ទទៅជាអ្នកបម្រើរបស់បាបឬ? មិនមែនដូច្នោះជាដាច់ខាត! 18 ដ្បិតប្រសិនបើខ្ញុំសាងសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោល នោះខ្ញុំបានបញ្ជាក់ថាខ្លួនខ្ញុំជាមនុស្សបំពានក្រឹត្យវិន័យហើយ។ 19 ជាការពិត ខ្ញុំបានស្លាប់ខាងក្រឹត្យវិន័យដោយសារតែក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងព្រះវិញ។ ខ្ញុំត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទហើយ 20 ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។ 21 ខ្ញុំមិនបោះបង់ចោលព្រះគុណរបស់ព្រះឡើយ ដ្បិតប្រសិនបើសេចក្ដីសុចរិតមកតាមរយៈក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតដោយឥតប្រយោជន៍ហើយ៕ |