អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។
សុភាសិត 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ព្រះគម្ពីរខ្មែរសាកល រីឯគន្លងរបស់មនុស្សសុចរិតដូចជាពន្លឺអរុណដែលភ្លឺឡើងៗ រហូតដល់ថ្ងៃពេញពន្លឺ; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង អាល់គីតាប មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។ |
អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។
ជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ ប្រសិនបើមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ។
ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។
មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។
ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ដែលនៅខាងក្រោម។
ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។
យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។
ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
ក្រុងនោះនឹងលែងមានយប់ទៀតហើយ គេមិនត្រូវការចង្កៀង ឬពន្លឺព្រះអាទិត្យទេ ដ្បិតព្រះជាព្រះអម្ចាស់ ទ្រង់ជាពន្លឺរបស់គេ ហើយគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងរាបតទៅ។
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។