យ៉ូប 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចម្លើយរបស់លោកយ៉ូប៖ ពាក្យត្អូញត្អែរដ៏ជូរល្វីងរបស់ខ្ញុំ 1 នោះលោកយ៉ូបក៏ឆ្លើយឡើងថា៖ 2 «នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ ជាសេចក្ដីជូរល្វីង ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។ 3 ឱបើខ្ញុំបានដឹងជាប្រទះឃើញព្រះអង្គនៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កព្រះអង្គទៅអេះ 4 នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ ដោយលំដាប់ទូលនៅចំពោះព្រះអង្គ ហើយនឹងបំពេញមាត់ខ្ញុំ ដោយសេចក្ដីជជែកតវ៉ា។ 5 ខ្ញុំនឹងបានស្គាល់ពាក្យណា ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលព្រះអង្គ ចង់មានព្រះបន្ទូលតប។ 6 តើព្រះអង្គប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំឬ? ទេ គឺព្រះអង្គនឹងប្រុងស្តាប់ខ្ញុំវិញ។ 7 នៅទីនោះ មនុស្សទៀងត្រង់ នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។ 8 តែមើល៍ ខ្ញុំដើរទៅខាងមុខ តែព្រះអង្គមិនមែននៅទីនោះ ក៏ថយទៅក្រោយ តែរកសម្គាល់ព្រះអង្គមិនបាន 9 ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ 10 ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។ 11 ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។ 12 ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។ 13 ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។ 14 ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី ដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀត នៅនឹងព្រះអង្គដែរ។ 15 ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចព្រះអង្គណាស់។ 16 ដ្បិតព្រះបានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច 17 ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម ដោយព្រោះសេចក្ដីងងឹត ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ ដ៏ក្រាស់នេះដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia