ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ។
ទំនុកតម្កើង 18:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គសង្គ្រោះមនុស្សរាបសា តែមនុស្សឆ្មើងឆ្មៃ ព្រះអង្គបន្ទាបគេចុះ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គហើយដែលសង្គ្រោះមនុស្សទន់ទាប និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនា តែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ អាល់គីតាប ដ្បិតទ្រង់ហើយដែលសង្គ្រោះមនុស្សទន់ទាប និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។ |
ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ។
មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។
៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! សូមប្រឈមមុខនឹងគេ សូមផ្ដួលគេ ហើយរំដោះជីវិតទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវរបស់ព្រះអង្គ
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។
រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
មានសម័យមួយដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែ គេមិនទាន់បានលាងជម្រះ សេចក្ដីស្មោកគ្រោករបស់គេចេញនៅឡើយទេ។
ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។
ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?