Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​អង្គ​ទ្រង់ នៅ​គ្រា​ដែល​មាន ទុក្ខ​លំបាក​ដូច្នេះ?

2 មនុស្ស​អាក្រក់​បៀត‌បៀន មនុស្ស​ក្រីក្រទាំង​ព្រហើន សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុងឧបាយ ដែល​គេ​បង្កើត​នោះទៅ។

3 ដ្បិត​មនុស្ស​អាក្រក់តែង​អួត​ពី​បំណង​ចិត្ត ដែល​ខ្លួន​ប្រាថ្នា ឯ​មនុស្ស​លោភលន់ គេ​ជេរ​ប្រមាថ ហើយ​បោះ​បង់​ព្រះ‌យេហូវ៉ា។

4 មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា "ព្រះ​មិន​រវីរវល់​អ្វី​ឡើយ" ឯ​អស់​ទាំង​គំនិត​របស់​គេ​តែង​គិត​ថា "គ្មាន​ព្រះ​ណា​ទេ"។

5 ផ្លូវ​របស់​គេ​សុទ្ធ​តែ​ចម្រើន​ឡើងជានិច្ច ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ​នៅ​ខ្ពស់ ហួស​ពី​ភ្នែក​របស់​គេ គេ​បូញ​មាត់​ឡក‌ឡឺយដាក់​បច្ចា‌មិត្ត​របស់​គេ។

6 គេ​នឹក​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ អញ​មិន​ជួប​ទុក្ខ​លំបាក ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ»។

7 មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ពាក្យបោក​បញ្ឆោត និង​ពាក្យ​កំណាច នៅ​ក្រោម​អណ្ដាត​គេ​មាន​ពាក្យ​អពមង្គល និង​ទុច្ចរិត។

8 គេ​អង្គុយ​ពួន​ស្ទាក់​នៅ​តាម​ភូមិ នៅ​កន្លែង​ស្ងាត់​កំបាំង គេ​សម្លាប់​មនុស្សស្លូត​ត្រង់ ភ្នែក​គេ​តាម​ឃ្លាំមើល​មនុស្ស​ទុគ៌ត

9 គេ​ពួន​ចាំ​នៅ​ទី​សម្ងាត់ ដូច​សិង្ហ​សម្ងំ​នៅ​ក្នុង​រូង គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ គេ​ចាប់​មនុស្សក្រី​ក្រ ដោយ​ទាញ​គេ​មក​ក្នុង​មង​របស់​ខ្លួន។

10 មនុស្ស​ទុគ៌ត​ត្រូវ​ខ្ទេច​ខ្ទី ហើយ​លិច​លង់ ក៏​ដួល​ទៅ​ក្នុង​អំណាច​របស់​គេ។

11 គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះ​ភ្លេច​ហើយ ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ព្រះ‌អង្គ​ទត​មិន​ឃើញ​ឡើយ»។

12 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ឱ​ព្រះ​អើយ សូម​លើក​ព្រះ‌ហស្ត​ឡើង សូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ។

13 ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​មើល‌ងាយ​ព្រះ ហើយ​គិត​ក្នុង​ចិត្ត​ថា «ព្រះ‌អង្គ​មិន​រក​រឿង​អញ​ទេ» ដូច្នេះ?

14 តែ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​អ្នក​ជំនួយ​ដល់​ក្មេង​កំព្រា។

15 សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល សូម​ដាក់​ទោសគេ ដើម្បី​កុំ​ឲ្យ​គេប្រព្រឹត្ត​អំពើ​អាក្រក់ទៀត។

16 ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច សាសន៍​ដទៃ​នឹង​ត្រូវ​វិនាស អស់​ពី​ស្រុក​របស់​ព្រះ‌អង្គ។

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់

18 ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក អាចបំភិត​បំភ័យ​គេ​ត​ទៅ​ទៀត។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម