អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក
ទំនុកតម្កើង 50:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង ព្រះគម្ពីរខ្មែរសាកល ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្វាយយញ្ញបូជា ជាការអរព្រះគុណដល់ព្រះ ហើយត្រូវលាបំណន់ ដែលអ្នកបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។ អាល់គីតាប ជំនូនដែលអ្នករាល់គ្នាត្រូវជូនអុលឡោះ គឺពាក្យអរគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ |
អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី
ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរ នៅក្នុងជំនុំធំ ទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួក អ្នកដែលកោតខ្លាចដល់ទ្រង់
ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច
ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណ នោះក៏លើកដំកើងអញដែរ ហើយអញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។
ឱព្រះអង្គអើយ ទូលបង្គំនៅជាប់បំណន់នឹងទ្រង់ ទូលបង្គំនឹងថ្វាយដង្វាយអរព្រះគុណដល់ទ្រង់
យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ ព្រះនាមទ្រង់ជាដរាប ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។
ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់
ពួកមនុស្សមានចិត្តរាបទាបបានឃើញ ហើយក៏មានសេចក្ដីអំណរ អ្នករាល់គ្នាដែលស្វែងរកព្រះអើយ ចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង
ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច
ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញ ទ្រង់ជាទីគួរតក់ស្លុត ដល់ពួកក្សត្រនៅផែនដី។
ចូរប្រុងប្រៀបពាក្យសំដី ហើយវិលមកឯព្រះយេហូវ៉ាចុះ ត្រូវឲ្យទូលដល់ទ្រង់ថា សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ យ៉ាងនោះ យើងខ្ញុំនឹងថ្វាយដង្វាយនៃបបូរមាត់យើងខ្ញុំ ជំនួសគោឈ្មោលដែលសំរាប់យញ្ញបូជា
មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។
អ្នកដែលកំចាត់កំចាយ បានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវឲ្យចាំយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចំរើនកំឡាំងយ៉ាងសន្ធឹកចុះ
ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង
កាលណាឯងបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯងនោះមិនត្រូវបង្អង់ នឹងលាបំណន់នោះទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង
សេចក្ដីណាដែលចេញពីបបូរមាត់ឯង នោះត្រូវប្រយ័តនឹងធ្វើតាមគ្រប់ជំពូក គឺឲ្យត្រូវនឹងបំណន់ដែលឯងបានបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដង្វាយថ្វាយស្ម័គ្រពីចិត្ត ដែលមាត់ឯងបានសន្យាហើយ។
កាលណាឯងចូលទៅក្នុងចំការទំពាំងបាយជូររបស់អ្នកជិតខាងណា នោះនឹងបរិភោគផលចំអែតតាមចិត្តបាន ប៉ុន្តែមិនត្រូវបេះដាក់ក្នុងកញ្ច្រែងឯងទេ
ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់
នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ
តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់