ទំនុកតម្កើង 56 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សត្វព្រាបគនៅស្រុកឆ្ងាយ» ក្នុងកាល ដែលសាសន៍ភីលីស្ទីនចាប់ទ្រង់នៅក្រុងកាថ សំរាប់មេភ្លេង។ 1 ឱព្រះអង្គអើយ សូមទ្រង់អាណិតមេត្តាដល់ទូលបង្គំ ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ 2 គឺពួកខ្មាំងសត្រូវចង់តែលេបបំបាត់ទូលបង្គំ ជាដរាបរាល់ថ្ងៃ ដ្បិតមានគ្នាច្រើនដែលតស៊ូនឹងទូលបង្គំ ដោយចិត្តឆ្មើងឆ្មៃ 3 តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់ 4 នៅក្នុងព្រះ (ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់) គឺសេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ ទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាច ធ្វើអ្វីដល់ទូលបង្គំបាន 5 គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ 6 គេប្រជុំគ្នា គេបំពួនខ្លួន គេឃ្លាំមើលអស់ទាំងជំហានរបស់ទូលបង្គំ ដោយចាំសង្គ្រុបចាប់ជីវិតទូលបង្គំ 7 តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬ ឱព្រះអង្គអើយ សូមទ្រង់បោះទំលាក់ពួកទាំងនេះចុះ ដោយសេចក្ដីខ្ញាល់របស់ទ្រង់ 8 ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី 9 យ៉ាងនោះ នៅថ្ងៃដែលទូលបង្គំអំពាវនាវ នោះពួកខ្មាំងសត្រូវនឹងថយចេញទៅ ទូលបង្គំដឹងហើយ ដ្បិតព្រះទ្រង់គង់នៅខាងទូលបង្គំ 10 នៅក្នុងព្រះ ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់ នៅក្នុងព្រះយេហូវ៉ា ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់ 11 សេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ ទូលបង្គំនឹងមិនខ្លាចឡើយ តើមនុស្សនឹងអាចធ្វើអ្វីដល់ ទូលបង្គំបាន 12 ឱព្រះអង្គអើយ ទូលបង្គំនៅជាប់បំណន់នឹងទ្រង់ ទូលបង្គំនឹងថ្វាយដង្វាយអរព្រះគុណដល់ទ្រង់ 13 ដ្បិតទ្រង់បានជួយជីវិតទូលបង្គំឲ្យរួចពីស្លាប់ ក៏បានជួយជើងទូលបង្គំឲ្យរួចពីជំពប់ដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃមនុស្សរស់វិញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia