Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 65 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​ជា​បទ​ចំរៀង​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន នោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់

2 ឱ​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្សនឹង​មូល​មក​ឯ​ទ្រង់

3 អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង‌តែ​ឈ្នះ​ទូលបង្គំ ឯ​ការ​រំលង​របស់​យើង​ខ្ញុំ នោះ​ទ្រង់​នឹង​ជំរះ​ចោល​ចេញ

4 មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ នៃ​ដំណាក់​ទ្រង់ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់

5 ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាម សេចក្ដី​សុចរិត ទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះ នៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុត ហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង

6 ទ្រង់​បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​នៃ​ទ្រង់ ទ្រង់​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព

7 ទ្រង់​ធ្វើ​ឲ្យ​សូរ​សន្ធឹក​នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង ព្រម​ទាំង​សូរ​សន្ធឹក​នៃ​រលក នឹង​ការ​ជ្រួល‌ជ្រើម​នៃ​បណ្តាជន​ទាំង‌ឡាយ​ផង

8 ឯ​ពួក​អ្នក​ដែល​នៅ​ទី​ឆ្ងាយ​បំផុត គេ​ក៏​ខ្លាច​ដោយ​ការ​អស្ចារ្យ​របស់​ទ្រង់ ទ្រង់​បណ្តាល​ឲ្យ​ពេល​ព្រលឹម​ស្រាង នឹង​ពេល​ល្ងាចព្រលប់ បាន​អរ​សប្បាយ​ផង​គ្នា

9 ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ រួច​ទ្រង់​ផ្គត់‌ផ្គង់​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​យ៉ាង​នោះ

10 ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក

11 ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិល​ឃួប ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ក៏​ស្រក់​ជា​សេចក្ដី​បរិបូរ

12 នោះ​ក៏​ស្រក់​មក​លើ​ដី​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ហើយ​អស់​ទាំង​ទួល​ក៏​ព័ទ្ធ​ដោយ​សេចក្ដី​អំណរ​ដែរ

13 អស់​ទាំង​ដី​ឃ្វាល​សត្វ​បាន​ប្រដាប់​ដោយ​ហ្វូង​ចៀម ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស‌ពេញ ទី​ទាំង​នោះ​បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម