Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​របស់​អេសាភ។

1 ព្រះ គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​បន្ទូល​ហើយ ទ្រង់​បាន​កោះ​ហៅ​ទាំង​អស់​ដែល​នៅ​លើ​ផែនដី ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​ទៅ​ដល់​ទិស​ថ្ងៃ​លិច

2 ព្រះ‌ទ្រង់​បាន​ភ្លឺ​មក​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​មាន​លំអ​ដ៏​គ្រប់​លក្ខណ៍

3 ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក ហើយ​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ទ្រង់ ហើយ​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់​មាន​ព្យុះ​សង្ឃរា

4 ទ្រង់​បង្គាប់​ដល់​ស្ថាន‌សួគ៌​នៅ​ខាង​លើ នឹង​ដល់​ផែនដី ដើម្បី​ជំនុំ‌ជំរះ​រាស្ត្រ​របស់​ទ្រង់​ថា

5 ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​អញ ឲ្យ​មក​ឯ​ណេះ គឺ​ជា​ពួក​ដែល​បាន​តាំង​សញ្ញា​នឹង​អញ ដោយ​ថ្វាយ​យញ្ញ‌បូជា

6 នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅ‌ក្រម។ –បង្អង់

7 ៙ ម្នាល​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះ អញ​នឹង​ពោល ឱ​អ៊ីស្រាអែល​អើយ អញ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឯង​ហើយ

8 អញ​នឹង​មិន​បន្ទោស​ឯង ដោយ​ព្រោះ​យញ្ញ‌បូជា ដែល​ឯង​ថ្វាយ​នោះ​ទេ ឯ​ដង្វាយ​ដុត​របស់​ឯង នោះ​ក៏​នៅ​ចំពោះ​អញ​ជានិច្ច

9 តែ​អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ

10 ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធ​តែ​របស់​អញ ព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង

11 អញ​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ព្រៃ​ទាំង‌ឡាយ​ជា​របស់​ផង​អញ​ដែរ។

12 ៙ បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯង ពី​ព្រោះ​លោកីយ នឹង​របស់​សព្វ​សារពើ​ក្នុង​លោក ជា​របស់​ផង​អញ

13 តើ​អញ​នឹង​ស៊ី​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ​អី

14 ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញ ហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង

15 ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។

16 ៙ តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ចំពោះ​មនុស្ស​អាក្រក់​ថា ឯង​ត្រូវ​ការ​អ្វី​នឹង​ថ្លែង​ប្រាប់​ពី​បញ្ញត្ត​អញ ហើយ​យក​សញ្ញា​អញ​មក​នៅ​ក្នុង​មាត់​ឯង

17 ដែល​ឯង​ជា​អ្នក​ស្អប់​សេចក្ដី​ប្រដៅ ហើយ​ក៏​បោះ‌បង់​ចោល​ពាក្យ​អញ​ទៅ​ក្រោយ​ខ្នង​ដូច្នេះ

18 កាល​ឯង​បាន​ឃើញ​ចោរ នោះ​ក៏​ចូល​គំនិត​នឹង​គេ ហើយ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​សំផឹង​ផង

19 ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា

20 ឯង​អង្គុយ​និយាយ​ដើម​ពី​បង​ប្អូន ឯង​និយាយ​បង្កាច់​ឈ្មោះ​ទាំង​កូន​ពោះ​១​នឹង​ឯង​ផង

21 អំពើ​នោះ​ឯង​បាន​ធ្វើ​ហើយ តែ​អញ​បាន​នៅ​ស្ងៀម​វិញ ឯង​បាន​គិត​ស្មាន​ថា អញ​ដូច​ឯង​តែ​ប៉ុណ្ណោះ អញ​នឹង​បន្ទោស ដោយ​រៀប‌រាប់​អំពើ​ឯង នៅ​ចំពោះ​មុខ

22 ដូច្នេះ ឯង​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​អញ​ហែក​ឯង​ខ្ទេច‌ខ្ទី​ទ័ល​បើ​ជួយ​ផង

23 អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ក៏​លើក​ដំកើង​អញ​ដែរ ហើយ​អញ​នឹង​សំដែង​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម