ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 21 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 21

ណាពី​ទត​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល

1 អ៊ីព្លេស‌ហ្សៃតន​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ជំរុញ​ស្តេច​ទត​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល។

2 ស្តេច​ទត​បាន​បញ្ចា​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជា‌ជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជា‌ជន​អ៊ីស្រ‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ‌សេ‌បា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយ‌ការណ៍​ឲ្យ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជា‌ជន»។

3 លោក​យ៉ូអាប់​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច ជា​អម្ចាស់! សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ឋ​តែ​ជា​អ្នក​បម្រើ​របស់​ស្តេច​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្តាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ទោស»។

4 ប៉ុន្តែ ដោយ​ស្តេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រ‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

5 លោក​យ៉ូអាប់​ចូល​ទៅ​ជម្រាប​ស្តេច​ទត​អំពី​ចំនួន​ប្រជា‌ជន គឺ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល​មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា មាន​៤៧០ ០០០ នាក់។

6 គាត់​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​ពុនយ៉ា‌ម៉ីន​ទេ ដ្បិត​គាត់​មិន​ពេញ​ចិត្តនឹង​បញ្ជា​របស់​ស្តេច​ទាល់​តែ​សោះ។

7 អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​ហេតុ‌ការណ៍​នេះ​ទេ ទ្រង់​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រ‌អែល។

8 ស្តេច​ទត​អង្វរ​អុលឡោះ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ​សូម​ទ្រង់​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មាតី​ទាំង​ស្រុង!»។

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​កាដ ជា​អ្នក​ទាយ​របស់​ស្តេច​ទត​ថា៖

10 «ចូរ​ទៅ​ប្រាប់​ទត​ដូច​ត​ទៅ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ! យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ”»។

11 លោក​កាដ​ចូល​ជួប​ស្តេច​ទត​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: សូម​ជ្រើស​រើស​ចុះ

12 តើ​ស្តេច​ចង់​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ឬ​ត្រូវ​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ អស់​រយៈ​ពេល​បី​ខែ ឬ​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក គឺ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បំផ្លាញ​ប្រជា‌ជន​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ ឥឡូវ​នេះ​សូម​ស្តេច​ពិចារណា​ចុះ ខ្ញុំ​នឹង​នាំ​ចម្លើយ​ទៅ​ជូន​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​មក»។

13 ស្តេច​ទត​ឆ្លើយ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់អុលឡោះ‌តាអាឡា ជា​ជាង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស ដ្បិតអុលឡោះ‌តាអាឡា​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ​ធេង»។

14 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​នៅ​ស្រុក​អ៊ីស្រ‌អែល ហើយ​មាន​ប្រជា‌ជន​ស្លាប់​អស់ ៧០ ០០០​នាក់។

15 អុលឡោះ​ចាត់​ម៉ាឡា‌អ៊ីកាត់​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម​ទៀត ប៉ុន្តែ កាលអុលឡោះ‌តាអាឡា​ឃើញ​ម៉ាឡា‌អ៊ីកាត់​បំផ្លាញ​ក្រុង​នោះ ទ្រង់​ក៏​ប្រែ​ចិត្ត មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

16 ស្តេច​ទត​ងើប​មុខ​ឡើង​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​នៅ​ចន្លោះ​សូរ៉កា និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ទត និង​អះលី‌ជំអះ​ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

17 ស្តេច​ទត​ទូរអា‌អង្វរ​អុលឡោះ​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​បញ្ជា​ឲ្យ​ជំរឿន​ប្រជា‌ជន ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​អាក្រក់។ ប្រជា‌ជន​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ។ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ដាក់​ទោស​តែ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ប៉ុណ្ណោះ​បាន​ហើយ! សូម​កុំ​ឲ្យ​គ្រោះ​កាច​នេះ​កើត​មាន​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឡើយ!»។

18 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ប្រាប់​លោក​កាដ​ឲ្យ​ជម្រាប​ស្តេច​ទត ដើម្បី​សូម​ស្តេច​ឡើង​ទៅ​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

19 ស្តេច​ទត​ក៏​ទៅ តាម​ពាក្យ​ដែល​លោក​កាដ​ថ្លែង ក្នុង​នាមអុលឡោះ‌តាអាឡា។

20 ពេល​នោះ​លោក​អរ៉ៅ‌ណា​កំពុង​តែ​បោក​ស្រូវ។ គាត់​ងាក​មក ឃើញ​ម៉ាឡា‌អ៊ីកាត់ កូន​ប្រុស​របស់​គាត់​ទាំង​បួន​នាក់ ដែល​នៅ​ជា​មួយ​គាត់​នាំ​គ្នា​រត់​ពួន។

21 កាល​ស្តេច​ទត​ទៅ​ជិត​លោក​អរ៉ៅ‌ណា គាត់​ក្រឡេក​ឃើញ គាត់​ក៏​ចេញ​ពី​លាន​បោក​ស្រូវ​មក​ទទួល គោរព​អោន​មុខ​ដល់​ដី។

22 ស្តេច​ទត​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។

23 លោក​អរ៉ៅ‌ណា​ជម្រាប​ស្តេច​ទត​ថា៖ «សូម​ស្តេច​យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ស្តេច​ពេញ​ចិត្ត​ចុះ។ ខ្ញុំ​ក៏​សូម​ជូន​គោ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​ជំនូន​ម្សៅ ខ្ញុំ​សូម​ជូន​ទាំង​អស់!»។

24 ប៉ុន្តែ ស្តេច​ទត​បាន​ប្រាប់​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក ទៅ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

25 ស្តេច​ទត​ប្រគល់​មាស​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង​ជូន​លោក​អរ៉ៅ‌ណា ដើម្បី​ទិញ​លាន​បោក​ស្រូវ។

26 ស្តេច​ទត​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​នៅ​កន្លែង​នោះ ហើយ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។ ស្តេច​អង្វរ​រកអុលឡោះ‌តាអាឡា​ទ្រង់​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​គូរបាន​ដុត​នៅ​លើ​អាសនៈ​នោះ។

27 បន្ទាប់​មក អុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​ម៉ាឡា‌អ៊ីកាត់​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។

28 នៅ​គ្រា​នោះ​ដោយ​ស្តេច​ឃើញ​ថា អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា‌អង្វរ​របស់​គាត់ នៅ​លើ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ស្តេច​តែងតែ​ធ្វើ​គូរបាន​នៅ​ទី​នោះ។

29 រីឯ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​ម៉ូសា​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ធ្វើ​គូរបាន​ដុត ស្ថិត​នៅ​ទី‌សក្ការៈ​ទួល​ខ្ពស់ នៅ​ក្រុង​គីបៀន។

30 ប៉ុន្តែ ស្តេច​ទត​ពុំ​អាច​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ទូរអា‌សួរ​អុលឡោះដ្បិត​ស្តេច​ភ័យ​ខ្លាច​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ប្រហារ​ដោយ​មុខ​ដាវ។

© 2014 United Bible Societies, UK.

United Bible Societies