Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 20 - អាល់គីតាប


អ៊ីស្រ‌អែល​ដណ្តើម​យក​ក្រុង​រ៉ាបាត

1 មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្តេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កំទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ស្តេច​ទត​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។

2 ស្តេច​ទត​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​ក្បាល​ស្តេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស​ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ មក​បំពាក់​លើ​ក្បាល​របស់​ស្តេច​ទត។ ស្តេច​ទត​ក៏​បាន​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

3 រីឯ​ប្រជា‌ជន​នៅ​ក្នុង​ក្រុង​នោះ​វិញ ស្តេច​ទត​បាន​ជន្លៀស​យក​មក​ជា​ឈ្លើយ ហើយ​បង្ខំ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស។ ស្តេច​ទត​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក​គាត់​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល។


ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ភីលី‌ស្ទីន

4 ក្រោយ​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ​លោក​ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ី‌ផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ត្រូវ​បរា‌ជ័យ។

5 បន្ទាប់​មក​មាន​កើត​សង្គ្រាម​ជា​ថ្មី ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន។ លោក​អែល‌ហាណាន​ជា​កូន​របស់​លោក​យ៉ាអៀរ បាន​សម្លាប់​លោក​ឡាមី ជា​អ្នក​ក្រុង​កាថ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កូលីយ៉ាត។ ដង​លំពែង​របស់​លោក​ឡាមី មាន​រាង​ដូច​ផ្សំ​កី​តម្បាញ។

6 ក្រោយ​មក​មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ​មាន​ទាហាន​ភីលី‌ស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ​មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។

7 គាត់​បាន​ហៅ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ស្តេច​ទត បាន​សម្លាប់​អ្នក​នោះ​ចោល។

8 ទាហាន​ភីលី‌ស្ទីន ដែល​ស្តេច​ទត និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា នៅ​ក្រុង​កាថ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម