ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពង្សាវ‌តារ‌ក្សត្រ 8 - អាល់គីតាប អាល់គីតាប
១ ពង្សាវ‌តារ‌ក្សត្រ 8

ហិប​នៃ​សម្ពន្ធ‌មេត្រី​តម្កល់​ក្នុង​ដំណាក់

1 គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន​មក​ដំណាក់។

2 ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​មក​ជួប​ស៊ូឡៃ‌ម៉ាន ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខែ​អស្សុជ គឺ​ជា​ខែ​ទី​ប្រាំ​ពីរ។

3 ពេល​អស់​លោក​អះលី‌ជំអះ​មក​ដល់ ក្រុម​អ៊ីមុាំ​ក៏​លើក​ហិប​នៃ​សម្ពន្ធ‌មេត្រី​សែង។

4 ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​នាំ​យក​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​វត្ថុ‌សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​មក​ជា​មួយ​ដែរ។

5 ស្តេច​ស៊ូឡៃ‌ម៉ាន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​គាត់​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ធ្វើ​ជា​គូរបាន។

6 អ៊ីមុាំ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់ ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក​ក្នុង​ទី‌សក្ការៈ​របស់​ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។

7 ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

8 ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ ពី​ទី‌សក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ​គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

9 នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

10 កាល​អ៊ីមុាំ ចេញ​ពី​ទី‌សក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

11 ដោយ‌សារ​តែ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។

12 ពេល​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​ពេញ​ចិត្ត​នៅ​ក្នុង​ពពក​ដ៏​ក្រាស់!

13 ខ្ញុំ​បាន​សង់​ម៉ាស្ជិទ​ដ៏​ថ្កុំ‌ថ្កើង​នេះ ធ្វើ​ជា​ដំណាក់​ជូន​ទ្រង់​នៅ អស់‌កល្ប​ជា‌និច្ច»។

សេចក្តី​ថ្លែង​ការ​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

14 ស៊ូឡៃ‌ម៉ាន​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

15 គាត់​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​សំដែង​ការ​អស្ចារ្យ ដើម្បី​សម្រេច​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ

16 គឺ​ទ្រង់​មាន​បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ទត ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។

17 ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ដំណាក់​មួយ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

18 ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ដំណាក់​សម្រាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់

19 តែ​មិន​មែន​អ្នក​ទេ ដែល​នឹង​សង់​ដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ដំណាក់​សម្រាប់​យើង”។

20 អុលឡោះ‌តាអាឡា​បាន​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​ក៏​បាន​សង់​ដំណាក់​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។

21 ខ្ញុំ​បាន​រៀប‌ចំ​កន្លែង​មួយ សម្រាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី គឺ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​យើង នៅ​ពេល​ទ្រង់​នាំ​ពួក​គាត់​ចេញ​ពី​ស្រុក​អេស៊ីប»។

ពាក្យ​ទូរអា​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

22 ស្តេច​ស៊ូឡៃ‌ម៉ាន​ឈរ​ពី​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល គាត់​លើក​ដៃ​ទៅ​លើ​មេឃ ហើយ​មាន​ប្រសាសន៍​ថា៖

23 «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​មួយ​ដូច​ទ្រង់​ឡើយ។ ទ្រង់​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ដើរ​តាម​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។

24 ទ្រង់​ប្រោស‌ប្រណី​ដល់​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ជា​បិតា​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​សន្យា​របស់​ទ្រង់។ ថ្ងៃ​នេះ ទ្រង់​សម្រេច​តាម​បន្ទូល​សន្យា ដោយ‌សារ​អំណាច​របស់​ទ្រង់។

25 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! ឥឡូវ​នេះ សូម​ទ្រង់​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ទ្រង់ គឺ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច។

26 សូម​ជម្រាប​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឥឡូវ​នេះ សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​បម្រើ​ទ្រង់ គឺ​ទត ជា​បិតា​របស់​ខ្ញុំ!

27 តើ​អុលឡោះពិត​ជា​អាច​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ​ធេង​ក៏​ពុំ​ល្មម​ជូន​ទ្រង់​នៅ​ផង ចុះ​ទំរាំ​បើ​ដំណាក់​ដែល​ខ្ញុំ​សង់​ជូន​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។

28 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សូម​ទ្រង់​ស្តាប់​សំរែក និង​ពាក្យ​ទូរអា​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ផង!

29 សូម​មើល​មក​ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទី​នេះ ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ សូម​ទ្រង់​ស្តាប់​ផង។

30 កាល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទូរអា​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ស្តាប់​ផង។ អុលឡោះ‌តាអាឡា​ដែល​នៅ​សូរ៉កា សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ និង​អត់​ទោស​ឲ្យ​យើង​ខ្ញុំ​ផង!

31 ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ដំណាក់​របស់​ទ្រង់

32 សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ ហើយ​វិនិច្ឆ័យ​ទោស​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់។ សូម​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្តល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

33 កាល​ណា​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​របស់​ទ្រង់ ហើយ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ទ្រង់ និង​សរសើរ​តម្កើង​នាម​ទ្រង់ ព្រម​ទាំង​ទូរអា និង​អង្វរ​ទ្រង់​ក្នុង​ដំណាក់​នេះ

34 សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ ហើយ​លើក‌លែង​ទោស​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី​ដែល​ទ្រង់​ប្រទាន​ដល់​ដូន‌តា​របស់​គេ​វិញ។

35 កាល​ណា​មេឃ​រាំង​ស្ងួត​គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​របស់​ទ្រង់ ហើយ​ទ្រង់​ដាក់​ទារុណ‌កម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​ទូរអា​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​នាម​ទ្រង់ និង​លះ‌បង់​អំពើ​បាប

36 សូម​ទ្រង់​ដែល​នៅ​សូរ៉កា​ទ្រង់​ស្តាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប​ផង គឺ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ទឹក​ដី​របស់​ទ្រង់ គឺ​ទឹក​ដី ដែល​ទ្រង់​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​ទ្រង់​ទុក​ជា​កេរ‌មត៌ក។

37 កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត​ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ

38 ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​មាន​ទុក្ខ​ខ្លោច​ផ្សា​ក្នុង​ចិត្ត រួច​ទូរអា និង​អង្វរ​ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ដំណាក់

39 សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។

40 ធ្វើ​ដូច្នេះ​ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ទ្រង់​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូន‌តា​របស់​យើង​ខ្ញុំ។

41 ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​នាម​របស់​ទ្រង់

42 (ដ្បិត​នាម​ដ៏​ឧត្តុង្គ‌ឧត្តម និង​អំណាច​របស់​ទ្រង់ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​ទូរអា​អង្វរ​ទ្រង់​ក្នុង​ដំណាក់​នេះ

43 សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​សូម​ពី​ទ្រង់ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​នាម​របស់​ទ្រង់ ហើយ​គោរព​កោត​ខ្លាច​ទ្រង់ ដូច​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ដំណាក់​ដែល​ខ្ញុំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ទ្រង់​នៅ​មែន។

44 កាល​ណា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ទ្រង់ រួច​អង្វរអុលឡោះ‌តាអាឡា​ឆ្ពោះ​មក​ក្រុង​ដែល​ទ្រង់​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ដំណាក់​ដែល​ខ្ញុំ​បាន​សង់​ជូន​ទ្រង់

45 សូម​ទ្រង់​ដែល​នៅ​សូរ៉កា​ទ្រង់​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​ពួក​គេ​ផង។

46 កាល​ណា​ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់ (ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ) ពេល​នោះ​ទ្រង់​ខឹង​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​ខ្លួន ទោះ​ឆ្ងាយ ឬ​ជិត​ក្តី

47 ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ទ្រង់​វិញ ហើយ​អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។

48 នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​អង្វរ​ទ្រង់​ឆ្ពោះ​មក​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូន‌តា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ទ្រង់​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ដំណាក់​ដែល​ខ្ញុំ​បាន​សង់​ជូន​ទ្រង់

49 សូម​ទ្រង់​ដែល​នៅ​សូរ៉កា ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ផង។

50 សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាស់​នឹង​បំណង​របស់​ទ្រង់។ សូម​បណ្តាល​ឲ្យ​ខ្មាំង​សត្រូវ​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ​នោះ មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ​ផង។

51 ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​នាំ​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប។

52 សូម​ទ្រង់​មើល​មក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ គ្រប់​ពេល​ដែល​យើង​ខ្ញុំ​អង្វរ​រក​ទ្រង់។

53 ទ្រង់​បាន​ញែក​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដូច​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​នាំ​ដូន‌តា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។

54 ពេល​ស្តេច​ស៊ូឡៃ‌ម៉ាន​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នូវ​ពាក្យ​ទូរអា និង​អង្វរ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​គាត់​បាន​លុត​ជង្គង់​នោះ។ គាត់​លើក​ដៃ​ឡើង​លើ

55 ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖

56 «សូម​អរ​គុណអុលឡោះ‌តាអាឡា ដែល​ប្រោស​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​បាន​សុខ‌សាន្ត ស្រប​តាម​បន្ទូល​សន្យា​របស់​ទ្រង់។ ទ្រង់​សម្រេច​តាម​បន្ទូល​ដ៏​ថ្លៃ‌ថ្លា ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

57 សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​មួយ​ពួក​យើង ដូច​ទ្រង់​នៅ​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​យើង​ដែរ! សូម​ទ្រង់​កុំ​បោះ‌បង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។

58 សូម​ទ្រង់​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ទ្រង់ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ​បញ្ជា ហ៊ូកុំ និង​វិន័យ​ដែល​ទ្រង់​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​ពួក​យើង។

59 សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់ នូវ​ពាក្យ​ដែល​ខ្ញុំ​អង្វរ​ទ្រង់ ហើយ​សូម​ទ្រង់​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។

60 ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​ពិត​ជា​ម្ចាស់ គឺ​គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ឡើយ។

61 ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។

ណាពី​ស៊ូឡៃ‌ម៉ាន​ធ្វើ​គូរបាន​ជូន​អុលឡោះ‌តាអាឡា

62 ស្តេច​ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។

63 ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ក្នុង​ឱកាស​នោះ គាត់​ធ្វើ​គូរបាន​មេត្រី​ជូនអុលឡោះ‌តាអាឡា គឺ​ធ្វើ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។

64 ថ្ងៃ​នោះ គាត់​ញែក​ទីលាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន នៅ​មុខ​ទ្វារ​ចូល​ទី‌សក្ការៈ​នោះ តូច​ពេក ពុំ​អាច​ដាក់​ជំនូន​ទាំង​អស់​បាន។

65 ក្នុង​ឱកាស​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រារឰ​ពិធី​បុណ្យ​រួម ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ​ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ។

66 នៅ​ថ្ងៃ​ទី​ប្រាំ​បី​ស៊ូឡៃ‌ម៉ាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ជូន​ពរ​ស្តេច​រួច​ហើយ ប្រជា‌ជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស ចំពោះ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ចំពោះ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies