អ្នកបម្រើរបស់ព្រះយេហូវ៉ា1 “មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។ 2 គាត់មិនស្រែកគំហក ឬបន្លឺសំឡេងឡើយ ហើយក៏គ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវដែរ។ 3 គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ; គាត់នឹងនាំសេចក្ដីយុត្តិធម៌មកដោយសេចក្ដីពិតត្រង់។ 4 គាត់មិនចុះខ្សោយ ឬធ្លាក់ទឹកចិត្តឡើយ រហូតទាល់តែបានស្ថាបនាសេចក្ដីយុត្តិធម៌ឡើងនៅលើផែនដី ហើយកោះទាំងឡាយនឹងរំពឹងលើក្រឹត្យវិន័យរបស់គាត់”។ 5 ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ 6 “គឺយើងជាយេហូវ៉ា បានហៅអ្នកក្នុងសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក។ យើងនឹងតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់ប្រជាជន និងជាពន្លឺដល់ប្រជាជាតិនានា 7 ដើម្បីបើកភ្នែកមនុស្សខ្វាក់ ដើម្បីនាំអ្នកទោសចេញពីគុក និងនាំពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹតចេញពីទីឃុំឃាំង។ 8 គឺយើងហើយ ជាយេហូវ៉ា នេះជានាមរបស់យើង។ យើងមិនប្រគល់សិរីរុងរឿងរបស់យើងដល់អ្នកដទៃ ក៏មិនប្រគល់សេចក្ដីសរសើរតម្កើងរបស់យើងដល់រូបឆ្លាក់ឡើយ។ 9 មើល៍! ការពីមុនបានសម្រេចហើយ ហើយយើងនឹងប្រកាសការថ្មី។ យើងនឹងតំណាលឲ្យអ្នករាល់គ្នាស្ដាប់ មុនការទាំងនោះលេចឡើង”។ ចម្រៀងសរសើរតម្កើង10 ពួកអ្នកដែលចុះទៅសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងកោះ និងពួកអ្នករស់នៅទីនោះអើយ ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ចូរច្រៀងចម្រៀងសរសើរតម្កើងដល់ព្រះអង្គពីចុងបំផុតនៃផែនដី! 11 ចូរឲ្យទីរហោស្ថាន និងទីក្រុងទាំងឡាយក្នុងនោះ គឺភូមិនានាដែលជនជាតិកេដាររស់នៅ បន្លឺសំឡេងឡើង! ចូរឲ្យអ្នកដែលរស់នៅសិឡាច្រៀងដោយអំណរ ចូរឲ្យពួកគេស្រែកពីកំពូលភ្នំចុះ! 12 ចូរឲ្យពួកគេថ្វាយសិរីរុងរឿងដល់ព្រះយេហូវ៉ា ហើយប្រកាសសេចក្ដីសរសើរតម្កើងនៃព្រះអង្គនៅតាមកោះនានា! 13 ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលព្រះហឫទ័យឆេះឆួលឡើង ដូចអ្នកចម្បាំង; ព្រះអង្គនឹងស្រែកឡើង មែនហើយ ព្រះអង្គនឹងស្រែកយ៉ាងខ្លាំង ហើយមានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់ព្រះអង្គ។ 14 “យើងបាននៅស្ងៀមជាយូរមកហើយ យើងបានរក្សាភាពស្ងៀមស្ងាត់ ហើយទប់ចិត្ត។ ប៉ុន្តែឥឡូវនេះ យើងនឹងស្រែកឡើងដូចស្ត្រីសម្រាលកូន យើងនឹងដង្ហក់ ហើយត្រដរខ្យល់ផង។ 15 យើងនឹងធ្វើឲ្យភ្នំ និងទីទួលទៅជាស្ងាត់ជ្រងំ ហើយធ្វើឲ្យអស់ទាំងរុក្ខជាតិនៅទីនោះក្រៀមស្វិតទៅ; យើងនឹងធ្វើឲ្យទន្លេទាំងឡាយទៅជាកោះ ហើយធ្វើឲ្យស្រះនានារីងស្ងួតដែរ។ 16 យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។ 17 រីឯពួកអ្នកដែលទុកចិត្តលើរូបឆ្លាក់ ហើយនិយាយទៅកាន់រូបសិតថា: ‘ពួកព្រះអង្គជាព្រះនៃយើងខ្ញុំ’ អ្នកទាំងនោះនឹងថយទៅវិញ ហើយអាម៉ាស់មុខយ៉ាងខ្លាំង”។ អ៊ីស្រាអែលខ្វាក់ និងថ្លង់18 “មនុស្សថ្លង់អើយ ចូរស្ដាប់ចុះ! មនុស្សខ្វាក់ភ្នែកអើយ ចូរប្រឹងមើល ដើម្បីឲ្យបានឃើញចុះ! 19 តើនរណាខ្វាក់ភ្នែក ក្រៅពីអ្នកបម្រើរបស់យើង? តើនរណាថ្លង់ដូចអ្នកនាំសារដែលយើងបានចាត់? តើនរណាខ្វាក់ភ្នែកដូចអ្នកដែលមានមេត្រីនឹងយើង ឬខ្វាក់ភ្នែកដូចបាវបម្រើរបស់ព្រះយេហូវ៉ា? 20 អ្នកបានឃើញការជាច្រើន ប៉ុន្តែមិនយកចិត្តទុកដាក់ទេ ត្រចៀកនៅចំហ ប៉ុន្តែស្ដាប់មិនឮសោះ”។ 21 ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងលើកស្ទួយក្រឹត្យវិន័យ ព្រមទាំងលើកតម្កើងសិរីរុងរឿង ដោយយល់ដល់សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។ 22 ប៉ុន្តែនេះជាប្រជាជនដែលត្រូវគេប្លន់ និងរឹបជាន់យក; ពួកគេទាំងអស់គ្នាជាប់អន្ទាក់នៅក្នុងរូង ហើយត្រូវបានលាក់ទុកក្នុងទីឃុំឃាំង; ពួកគេបានទៅជារំពា គ្មានអ្នកណារំដោះឲ្យរួចឡើយ ក៏បានទៅជាជ័យភណ្ឌដែលគ្មានអ្នកណាថា៖ “ចូរប្រគល់ទៅវិញ” នោះឡើយ។ 23 តើនរណាក្នុងចំណោមអ្នករាល់គ្នានឹងផ្ទៀងត្រចៀកនឹងសេចក្ដីនេះ ក៏នឹងយកចិត្តទុកដាក់ ហើយស្ដាប់សម្រាប់ថ្ងៃខាងមុខ? 24 តើនរណាបានប្រគល់យ៉ាកុបឲ្យទៅជាជ័យភណ្ឌ ហើយប្រគល់អ៊ីស្រាអែលទៅពួកអ្នករឹបជាន់? តើមិនមែនព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ ក៏មិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ? 25 ដូច្នេះ ព្រះអង្គបានចាក់ភ្លើងនៃព្រះពិរោធរបស់ព្រះអង្គ និងសង្គ្រាមដ៏កាចសាហាវ ទៅលើអ៊ីស្រាអែល; ភ្លើងនោះបានបញ្ឆេះពួកគេនៅជុំវិញ ប៉ុន្តែពួកគេមិនយល់ ភ្លើងនោះបានដុតពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ឡើយ៕ |