1 នៅពេលអ្នកអង្គុយហូបជាមួយមេគ្រប់គ្រង ចូរពិចារណាដោយយកចិត្តទុកដាក់នូវអ្វីដែលនៅចំពោះមុខអ្នក។ 2 ប្រសិនបើអ្នកជាមនុស្សល្មោភស៊ី នោះចូរភ្ជង់កាំបិតនៅនឹងបំពង់កអ្នកចុះ។ 3 កុំចេះតែចង់បានម្ហូបដ៏ឆ្ងាញ់របស់គេឡើយ ដ្បិតវាជាអាហារនៃសេចក្ដីបញ្ឆោត។ 4 កុំធ្វើការនឿយហត់ដើម្បីក្លាយជាអ្នកមានឡើយ ចូរមានការយល់ដឹងឡើង ហើយឈប់ទៅ! 5 កាលណាអ្នកចោលភ្នែកទៅលើទ្រព្យសម្បត្តិ វាក៏បាត់ទៅ ដ្បិតវាតែងតែដុះស្លាបហើរទៅលើមេឃដូចឥន្ទ្រី។ 6 កុំហូបអាហាររបស់មនុស្សកំណាញ់ឡើយ ក៏កុំចេះតែចង់បានម្ហូបដ៏ឆ្ងាញ់របស់គេដែរ 7 ដ្បិតដូចដែលគេកត់ទុកក្នុងចិត្តយ៉ាងណា គេក៏និយាយយ៉ាងនោះដែរ ថា៖ “អញ្ជើញហូប និងផឹកចុះ” ប៉ុន្តែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។ 8 សូម្បីតែអាហារមួយម៉ាត់ដែលអ្នកបានហូប ក៏អ្នកនឹងក្អួតចេញ ហើយខ្ជះខ្ជាយពាក្យសម្ដីផ្អែមរបស់អ្នកដែរ។ 9 កុំនិយាយឲ្យមនុស្សល្ងង់បានឮឡើយ ពីព្រោះគេនឹងមើលងាយសុភនិច្ឆ័យនៃពាក្យសម្ដីរបស់អ្នក។ 10 កុំបង្ខិតព្រំដីពីបុរាណ ឬរុករានទន្ទ្រានស្រែចម្ការរបស់កូនកំព្រាឡើយ 11 ដ្បិតព្រះប្រោសលោះរបស់ពួកគេទ្រង់ខ្លាំងពូកែ ព្រះអង្គនឹងកាន់ក្ដីឲ្យពួកគេទាស់នឹងអ្នក។ 12 ចូរផ្ចង់ចិត្តអ្នកនឹងការប្រៀនប្រដៅ ហើយផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យនៃចំណេះដឹងចុះ។ 13 កុំបង្ខាំងទុកការប្រៀនប្រដៅពីកូនក្មេងឡើយ ទោះបីជាវាយវានឹងរំពាត់ក៏ដោយ ក៏វានឹងមិនស្លាប់ទេ។ 14 ចូរអ្នកវាយវានឹងរំពាត់ នោះអ្នកនឹងសង្គ្រោះព្រលឹងរបស់វាពីស្ថានមនុស្សស្លាប់។ 15 កូនរបស់ខ្ញុំអើយ ប្រសិនបើចិត្តរបស់អ្នកមានប្រាជ្ញា ចិត្តរបស់ខ្ញុំក៏នឹងអរសប្បាយដែរ! 16 ដួងចិត្តរបស់ខ្ញុំនឹងលោតកញ្ឆេង នៅពេលបបូរមាត់របស់អ្នកនិយាយសេចក្ដីទៀងត្រង់។ 17 កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។ 18 អ្នកប្រាកដជាមានអនាគត ហើយសេចក្ដីសង្ឃឹមរបស់អ្នកនឹងមិនត្រូវបានកាត់ចេញឡើយ។ 19 កូនរបស់ខ្ញុំអើយ ចូរស្ដាប់ ហើយមានប្រាជ្ញា ចូរនាំចិត្តអ្នកទៅក្នុងផ្លូវត្រឹមត្រូវចុះ! 20 កុំធ្វើជាម្នាក់ក្នុងចំណោមពួកប្រមឹកស្រា ឬធ្វើជាម្នាក់ក្នុងចំណោមពួកល្មោភស៊ីសាច់ឡើយ 21 ដ្បិតពួកប្រមឹក និងពួកល្មោភស៊ីនឹងធ្លាក់ខ្លួនក្រ ហើយសេចក្ដីងោកងុយនឹងស្លៀកពាក់ឲ្យពួកគេដោយសម្លៀកបំពាក់កណ្ដាច។ 22 ចូរស្ដាប់តាមឪពុករបស់អ្នក ដែលជាអ្នកផ្ដល់កំណើតដល់អ្នក ហើយកុំមើលងាយម្ដាយរបស់អ្នកនៅពេលគាត់ចាស់ឡើយ។ 23 ចូរទិញសេចក្ដីពិត ប្រាជ្ញា ការប្រៀនប្រដៅ និងការយល់ដឹង កុំលក់វាឡើយ។ 24 ឪពុករបស់មនុស្សសុចរិត ប្រាកដជាត្រេកអរយ៉ាងក្រៃលែង ហើយបុរសដែលផ្ដល់កំណើតដល់មនុស្សមានប្រាជ្ញា មុខជាអរសប្បាយនឹងកូននោះមិនខាន។ 25 ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។ 26 កូនរបស់ខ្ញុំអើយ ចូរប្រគល់ចិត្តរបស់អ្នកឲ្យខ្ញុំ ហើយឲ្យភ្នែករបស់អ្នករក្សាផ្លូវរបស់ខ្ញុំចុះ! 27 ដ្បិតស្រីសំផឹងជារណ្ដៅដ៏ជ្រៅ ហើយស្រីក្រៅជាអណ្ដូងដ៏ចង្អៀត។ 28 នាងសម្ងំចាំដូចចោរប្លន់ ហើយបន្ថែមមនុស្សក្បត់នៅក្នុងចំណោមមនុស្សប្រុស។ 29 តើនរណាវេទនា? តើនរណាមានទុក្ខសោក? តើនរណាមានជម្លោះ? តើនរណាត្អូញត្អែរ? តើនរណាមានរបួសដោយគ្មានមូលហេតុ? តើនរណាមានភ្នែកក្រហមងាំង? 30 គឺជាពួកអ្នកដែលនៅត្រាំត្រែងជាមួយស្រា ជាពួកអ្នកដែលទៅរកស្រាលាយ។ 31 កុំមើលស្រាទំពាំងបាយជូរនៅពេលវាមានពណ៌ក្រហម ពេលវាចាំងផ្លេកៗនៅក្នុងពែង ហើយស្រក់ចុះទៅយ៉ាងស្រួលនោះឡើយ។ 32 នៅទីបំផុត វានឹងចឹកដូចពស់ ហើយអុចដូចពស់ពិស។ 33 ភ្នែករបស់អ្នកនឹងឃើញអ្វីប្លែកៗ ហើយចិត្តរបស់អ្នកនឹងពោលសេចក្ដីកំហូច។ 34 អ្នកនឹងបានដូចជាអ្នកដែលដេកនៅកណ្ដាលសមុទ្រ ឬដូចជាអ្នកដែលដេកនៅលើចុងដងក្ដោង។ 35 អ្នកនឹងពោលថា៖ “គេបានវាយខ្ញុំ ប៉ុន្តែខ្ញុំអត់ឈឺទេ! គេបានសំពងខ្ញុំ ប៉ុន្តែខ្ញុំមិនបានដឹងផង! តើខ្ញុំនឹងភ្ញាក់ឡើងពេលណា? ខ្ញុំនឹងទៅរកស្រាទៀត”៕ |