១ កូរិនថូស 15:58 - Khmer Christian Bible ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។ ព្រះគម្ពីរខ្មែរសាកល បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្តរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ឲ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។ អាល់គីតាប ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់អ៊ីសាជាអម្ចាស់ ឲ្យបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយអ៊ីសាជាអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។ |
បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
ឯអ្នកដាំ និងអ្នកស្រោចទឹកដូចគ្នាទេ គឺម្នាក់ៗនឹងទទួលបានរង្វាន់តាមពលកម្មរបស់ខ្លួន
ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់អើយ! ដោយមានសេចក្ដីសន្យាទាំងនេះ ចូរយើងសំអាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបំពេញសេចក្ដីបរិសុទ្ធដោយការកោតខ្លាចព្រះជាម្ចាស់។
ចំពោះអ្នករាល់គ្នា ខ្ញុំខ្លាចតែខ្ញុំធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍។
ចូរយើងកុំនឿយណាយនឹងប្រព្រឹត្តល្អឡើយ ព្រោះបើយើងមិនល្វើយទេ ដល់វេលាកំណត់ យើងនឹងច្រូតបានផល។
ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិតតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួតនៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ។
ព្រោះដោយសារកិច្ចការរបស់ព្រះគ្រិស្ដ គាត់ស្ទើរតែស្លាប់ទៅហើយ គាត់បានប្រថុយជីវិតដើម្បីបំពេញភាពខ្វះខាតក្នុងកិច្ចការរបស់អ្នករាល់គ្នាសម្រាប់ខ្ញុំ។
ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ
បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។
ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួនដូចដែលអ្នករាល់គ្នាបានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។
នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នាដោយសេចក្ដីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
សូមព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ច្រើនឡើង ហើយហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ដូចដែលយើងបានស្រឡាញ់អ្នករាល់គ្នាដែរ
ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។
ដោយខ្ញុំមិនអាចទ្រាំទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងមកល្បួងអ្នករាល់គ្នា តាមរបៀបណាមួយ ដែលនាំឲ្យការនឿយហត់របស់យើងត្រលប់ជាឥតប្រយោជន៍។
ទីបញ្ចប់នេះ បងប្អូនអើយ! អ្នករាល់គ្នាបានទទួលសេចក្ដីបង្រៀនពីយើងអំពីរបៀបរស់នៅឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យរួចហើយ ហើយអ្នករាល់គ្នាបានរស់នៅដូច្នោះមែន។ ឥឡូវនេះ យើងសូមអង្វរ ហើយដាស់តឿនអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូថា ចូររស់នៅដូច្នេះឲ្យកាន់តែប្រសើរទៀតចុះ
បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការស័ក្តសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នាចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាងដោយសារឈាមនៃកិច្ចព្រមព្រៀងដ៏អស់កល្បជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងរបស់ព្រះអង្គ ដោយព្រះអង្គធ្វើការដែលសព្វព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! អាម៉ែន!
ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ
ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើតទៅទៀតនោះ។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងដើម្បីឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីសុខសាន្ដផង