១ សាំយូអែល 17:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអេលាបជាបងបង្អស់ក៏ឮដាវីឌកំពុងនិយាយជាមួយគេ ហើយមានសេចក្ដីកំហឹងទាស់នឹងប្អូនថា៖ «ឯងចុះមកធ្វើអី? តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកឲ្យអ្នកណាមើល? បងស្គាល់សេចក្ដីអំនួត និងគំនិតអាក្រក់របស់ឯងហើយ ដ្បិតឯងចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ អាល់គីតាប លោកអេលាបជាបងបង្អស់ឮទតនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ |
កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។
បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។
ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត់ ជាបុត្រីរបស់ស្ដេចយេរីម៉ូត ពូជពង្សព្រះបាទដាវីឌ និងនាងអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ។
បងប្អូនណាដែលបានអន់ចិត្តហើយ ពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
រួចខ្ញុំយល់ឃើញថា អស់ទាំងការនឿយហត់ និងភាពប៉ិនប្រសប់ក្នុងកិច្ចការ គឺមកពីមនុស្សមានចិត្តច្រណែននឹងគ្នាប៉ុណ្ណោះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
ប៉ុន្តែ អ្នកទាំងនោះហ៊ានជេរប្រមាថអ្វីៗដែលខ្លួនមិនយល់ ហើយបំផ្លាញខ្លួនគេដោយសេចក្តីទាំងនោះ ហាក់ដូចជាសត្វតិរច្ឆានដែលគ្មានវិចារណញ្ញាណ។
លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។