១ របាក្សត្រ 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយូដាមានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចរបស់បងច្បងជារបស់យ៉ូសែបវិញ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្ដេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយូដាគាត់មានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ) អាល់គីតាប រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្តេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រអែល កើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើយូសុះដដែល។ |
កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។
ព្រះពររបស់ពុកលើសជាងព្រះពរបុព្វបុរស របស់ពុក ជាព្រះពរយ៉ាងធំ ទៅដល់ចុងបង្អស់របស់ភ្នំ ដ៏នៅអស់កល្បជានិច្ច។ សូមឲ្យព្រះពរទាំងនោះ ស្ថិតនៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលអ្នក ដែលព្រះបានញែកចេញ ពីពួកបងប្អូនរបស់វា។
ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តទៅចំពោះប្រជារាស្ត្ររបស់ទ្រង់ដោយសុចរិតយុត្តិធម៌។
ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតព្រះអង្គបានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា ព្រះអង្គបានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង ព្រះអង្គបានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
កាឡាតជាទឹកដីរបស់យើង ម៉ាណាសេជាទឹកដីរបស់យើង អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។
កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
អស់អ្នកដែលដំឡើងត្រសាលនៅទិសខាងកើតជាទិសថ្ងៃរះ ជាជំរំកងពលនៃកុលសម្ព័ន្ធយូដា តាមអង្គភាពរបស់គេ។ មេដឹកនាំលើកូនចៅយូដា គឺណាសូន ជាកូនរបស់អ័មីណាដាប់
អ្នកដែលបានថ្វាយតង្វាយរបស់ខ្លួននៅថ្ងៃទីមួយ គឺណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។
"ឯឯង បេថ្លេហិម ស្រុកយូដាអើយ! ឯងមិនមែនតូចជាងគេក្នុងចំណោម ពួកមេដឹកនាំនៅស្រុកយូដាទេ ដ្បិតនឹងមានមេដឹកនាំម្នាក់កើតចេញពីឯង អ្នកនោះនឹងឃ្វាលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"» ។
ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។
គឺគាត់ត្រូវតែទទួលស្គាល់កូនច្បងរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះមួយជាពីរ ដ្បិតកូននោះផលដំបូងនៃកម្លាំងរបស់គាត់ ហើយសិទ្ធិរបស់កូនច្បងជារបស់កូននោះឯង»។
ឯគោឈ្មោលដំបូង នោះមានកម្លាំងស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន និងពួកម៉ាណាសេទាំងពាន់ទាំងម៉ឺនដែរ»។
ព្រះអម្ចាស់នៃយើង បានប្រសូតពីកុលសម្ព័ន្ធយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍អ្វីអំពីកុលសម្ព័ន្ធនោះ ខាងឯការងារជាសង្ឃឡើយ។
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។
ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។
ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវឲ្យពួកយូដាឡើងទៅ មើល៍ យើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់គេហើយ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។
អ៊ីសាយក៏ឲ្យកូនទាំងប្រាំពីរនាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសអ្នកទាំងនេះឡើយ»
គាត់ក៏ឲ្យគេទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូលទៅចាក់ប្រេងឲ្យចុះ គឺអ្នកនេះហើយ»។