២ សាំយូអែល 8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជ័យជម្នះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង 1 ក្រោយមក ព្រះបាទដាវីឌបានវាយបង្ក្រាបពួកភីលីស្ទីន ទ្រង់ចាប់យកអំណាចទីក្រុងហ្លួង ពីកណ្ដាប់ដៃពួកភីលីស្ទីន។ 2 ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់ពីរជួរ ហើយទុកពេញមួយជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់ក្លាយជាអ្នកបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។ 3 មួយទៀត ដាវីឌក៏ប្រហារស្ដេចហាដារេស៊ើរ បុត្រារេហុប ស្តេចស្រុកសូបា ខណៈដែលស្តេចនោះទៅតាំងអំណាចខ្លួននៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ។ 4 ព្រះបាទដាវីឌចាប់យកបានពលសេះមួយពាន់ប្រាំពីររយនាក់ និងពលថ្មើរជើងពីរម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ ទុកឲ្យនៅល្មមទឹមរទេះមួយរយប៉ុណ្ណោះ។ 5 ពេលពួកសាសន៍ស៊ីរី អ្នកក្រុងដាម៉ាសបានមក ដើម្បីជួយហាដារេស៊ើរ ជាស្តេចសូបា ព្រះបាទដាវីឌក៏ប្រហារសម្លាប់ពួកស៊ីរី អស់ពីរម៉ឺនពីរពាន់នាក់។ 6 បន្ទាប់មក ព្រះបាទដាវីឌដាក់ឲ្យមានពួកទាហានត្រួតមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរីក៏ចុះចូលធ្វើជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាតែងជួយការពារព្រះបាទដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។ 7 ព្រះបាទដាវីឌបានយកខែលមាសទាំងអស់ ដែលពួកបម្រើរបស់ហាដារេស៊ើរកាន់ មកទុកនៅក្រុងយេរូសាឡិម 8 ពីក្រុងបេថាស និងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចយកបានលង្ហិនយ៉ាងសន្ធឹកដែរ។ 9 ពេលថូអ៊ីស្តេចក្រុងហាម៉ាតបានឮថា ព្រះបាទដាវីឌវាយពួកពលទ័ពរបស់ហាដារេស៊ើរទាំងអស់ដូច្នោះ 10 នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ 11 ប្រដាប់ទាំងនោះ ព្រះបាទដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស និងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីសាសន៍នានាដែលទ្រង់បានបង្ក្រាបនោះ 12 គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាឡេក និងជ័យភណ្ឌដែលយកពីហាដារេស៊ើរ ជាកូនរេហុប ស្តេចក្រុងសូបាផង។ 13 ពេលព្រះបាទដាវីឌត្រឡប់មកពីប្រហារសាសន៍ស៊ីរីវិញ ទ្រង់បានល្បីនាមឡើងទៀត ដោយបានវាយមនុស្សអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅក្នុងវាលច្រកភ្នំអំបិល។ 14 ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដុម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើលពេញក្នុងស្រុកអេដុមនោះ ហើយពួកស្រុកអេដុមទាំងអស់ក៏ចុះចូលនឹងដាវីឌ ព្រះយេហូវ៉ាបានជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។ បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ 15 ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តទៅចំពោះប្រជារាស្ត្ររបស់ទ្រង់ដោយសុចរិតយុត្តិធម៌។ 16 មានយ៉ូអាប់ កូនសេរូយ៉ា ធ្វើជាអ្នកត្រួតត្រាលើពលទ័ព យេហូសាផាត កូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ត្រាពង្សាវតារ 17 សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង 18 បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។ |
© 2016 United Bible Societies
Bible Society in Cambodia