ទំនុកតម្កើង 108 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការសរសើរតម្កើង និងការអធិស្ឋានសុំឲ្យមានជ័យជម្នះ បទចម្រៀង ជាទំនុករបស់ស្តេចដាវីឌ។ 1 ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងនៅមាំហើយ ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រជាទំនុក ដោយសារកិត្តិយសរបស់ទូលបង្គំដែរ 2 ឱពិណ និងស៊ុងអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យរះឡើង! 3 ឱព្រះយេហូវ៉ាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា។ 4 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ធំខ្ពស់ជាងផ្ទៃមេឃ ហើយសេចក្ដីពិតរបស់ព្រះអង្គ ក៏ខ្ពស់ដល់ពពកដែរ។ 5 ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល! 6 ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួច សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយឆ្លើយតបទូលបង្គំផង! 7 ព្រះបានសន្យាក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ថា៖ «យើងនឹងបែងចែកស្រុកស៊ីគែមដោយអំណរ ហើយវាស់ជ្រលងភ្នំស៊ូកូថ។ 8 កាឡាតជាទឹកដីរបស់យើង ម៉ាណាសេជាទឹកដីរបស់យើង អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ 9 ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងបោះស្បែកជើងទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ ពីលើស្រុកភីលីស្ទីន»។ 10 តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម? 11 ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបានបោះបង់ចោលយើងខ្ញុំ? ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ កងទ័ពរបស់យើងខ្ញុំទៀតឡើយ។ 12 ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។ 13 ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។ |
© 2016 United Bible Societies
Bible Society in Cambodia