១ កូរិនថូស 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។ ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។ Khmer Christian Bible ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ អាល់គីតាប ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយអុលឡោះ បងប្អូនជាស្រែរបស់អុលឡោះ ហើយក៏ជាដំណាក់ដែលទ្រង់បានសង់ដែរ។ |
សូមឲ្យមានស្រូវជាបរិបូរនៅក្នុងស្រុក ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ សូមឲ្យដើមឈើមានផលផ្លែ ដូចដើមឈើនៅភ្នំល្បាណូន ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង ដូចស្មៅនៅតាមទីវាល!
មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ ក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលាឲ្យដើររកស៊ីតាមចិត្ត។
ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរបានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យអ្នក មនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចម្ការទំពាំងបាយជូរឲ្យអ្នក។
យើងបានផ្សាំអ្នកទុកជាទំពាំងបាយជូរសម្រាំង ជាពូជយ៉ាងល្អបំផុត ម្តេចបានជាអ្នកក្លាយទៅជា ខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់យើងដូច្នេះ?
ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់ទាំងរុក្ខជាតិណាដែលព្រះវរបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នឹងត្រូវដកចេញ។
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។
ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។
រីឯពួកសិស្សក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ធ្វើការជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសម្គាល់ដែលអមជាមួយ។ អាម៉ែន។:៚
ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា?
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។
ដើម្បីក្រែងបើខ្ញុំក្រមកដល់ នោះអ្នកបានដឹងពីរបៀបដែលត្រូវប្រព្រឹត្តយ៉ាងណា នៅក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។
ប៉ុន្តែ ព្រះគ្រីស្ទស្មោះត្រង់ ក្នុងឋានៈជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ព្រះអង្គ ហើយប្រសិនបើយើងកាន់ចិត្តមោះមុត និងអាងលើសេចក្តីសង្ឃឹមនេះយ៉ាងខ្ជាប់ខ្ជួន រហូតដល់ចុងបំផុត គឺយើងនេះហើយជាដំណាក់របស់ព្រះអង្គ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។