Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពិធី​ជប់​លៀង​របស់​ប្រាជ្ញា

1 ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយ គឺ​បាន​ចាំង​សសរ​ទាំង​ប្រាំពីរ​ស្រេច។

2 ក៏​បាន​សម្លាប់​សត្វ​សម្រាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយ។

3 បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា

4 «អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​ចុះ ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់» នោះ​ក៏​ប្រាប់​ថា

5 «ចូរ​មក​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​យើង​បាន​លាយ​ហើយ

6 ចូរ​លះ​ចោល​សេចក្ដី​ល្ងង់​ខ្លៅ ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ដើរ​ក្នុង​ផ្លូវ​នៃ​ការ​ចេះ​ដឹង​វិញ​ចុះ»។


ពាក្យ​ទូន្មាន​ទួទៅ

7 អ្នក​ណា​ប្រដៅ​តម្រង់​ដល់​មនុស្ស ដែល​រមែង​មើល​ងាយ នោះ​នឹង​បាន​តែ​សេចក្ដី​ត្មះ‌តិះ​ដៀល​វិញ​ទេ ហើយ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់ នោះ​នឹង​បាន​ប្រឡាក់​ជាប់​ដល់​ខ្លួន​ហើយ។

8 កុំ​បន្ទោស​ដល់​មនុស្ស ដែល​តែង​តែ​មើល៍​ងាយ​ឡើយ ក្រែង​គេ​ស្អប់​ឯង ត្រូវ​ឲ្យ​បន្ទោស​ដល់​មនុស្ស​មាន​ប្រាជ្ញា​វិញ គេ​នឹង​ស្រឡាញ់​ឯង

9 ចូរ​ទូន្មាន មនុស្ស​មាន​ប្រាជ្ញា នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចម្រើន​ឡើង​ដែរ។

10 ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់

11 ដ្បិត​ដោយ‌សារ​យើង នោះ​អស់​ទាំង​ថ្ងៃ​របស់​ឯង នឹង​បាន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ឯង នឹង​បាន​យឺន‌យូរ​ទៅ។

12 បើ​ឯង​មាន​ប្រាជ្ញា នោះ​គឺ​មាន​សម្រាប់​តែ​ខ្លួន​ឯង​ទេ ឬ​បើ​ឯង​ចំអក នោះ​មាន​តែ​ឯង​មួយ នឹង​ត្រូវ​រង​ភារៈ​នោះ។


ការ​អញ្ជើញ និង​ការ​សន្យា​នៃ​សេចក្ដី​ចម្កួត

13 ឯ​ស្ត្រី​ដែល​ល្ងី‌ល្ងើ គេ​តែង​ស្រែក​ឡូ​ឡា ក៏​ល្ងង់​ខ្លៅ​ឥត​ដឹង​អ្វី​សោះ។

14 គេ​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​ទី​អង្គុយ​ត្រង់​ទី​ខ្ពស់​នៃ​ក្រុង

15 ដើម្បី​ហៅ​រក​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ជា​ពួក​អ្នក​ដែល​ដើរ​តម្រង់​តាម​ផ្លូវ​ទៅ ដោយ​ពាក្យ​ថា

16 «នែ៎ អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូល​មក​ទី​នេះ​ចុះ» នាង​និយាយ​បបួល​អស់​អ្នក ដែល​គ្មាន​យោបល់​ថា

17 «ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម ឯ​អាហារ​ដែល​បរិ‌ភោគ​ដោយ​លួច​លាក់ នោះ​ក៏​រមែង​ឆ្ងាញ់»។

18 ប៉ុន្តែ គេ​មិន​ដឹង​ថា ពួក​មនុស្ស​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះស្ថិត​នៅ​ក្នុង ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម