៣ យ៉ូហាន 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេចក្ដីផ្ដើម 1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកកៃយុស ជាប្អូនស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ ពាក្យសរសើរលោកកៃយុស 2 ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។ 3 ដ្បិតខ្ញុំមានអំណរជាខ្លាំង នៅពេលពួកបងប្អូនបានមកដល់ ហើយបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីពិតរបស់ប្អូន ដូចប្អូនកំពុងប្រព្រឹត្តតាមសេចក្ដីពិតមែន។ 4 គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ គឺដែលឮថា ពួកកូនរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។ 5 ប្អូនស្ងួនភ្ងាអើយ កិច្ចការដែលប្អូនធ្វើសម្រាប់ពួកបងប្អូនទាំងនេះ និងពួកអ្នកដទៃ ប្អូនពិតជាធ្វើដោយស្មោះត្រង់អស់ពីចិត្ត 6 ដូចគេបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីស្រឡាញ់របស់ប្អូន នៅមុខក្រុមជំនុំមែន។ ពេលប្អូនជូនដំណើរពួកគេចេញទៅ សូមប្អូនជួយអ្នកទាំងនោះឲ្យបានល្អ តាមបែបគួរនឹងព្រះផង។ 7 ដ្បិតគេបានចេញដំណើរទៅ ដោយព្រោះព្រះនាមរបស់ព្រះអង្គ ហើយគេមិនបានទទួលអ្វីពីសាសន៍ដទៃទេ។ 8 ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។ ឌីអូត្រែប និងដេមេទ្រាស 9 ខ្ញុំបានសរសេរសចក្ដីខ្លះមកជូនក្រុមជំនុំ ប៉ុន្តែ ឌីអូត្រែប ដែលចូលចិត្តចង់ធ្វើធំជាងគេ មិនព្រមទទួលស្គាល់យើងទេ។ 10 ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងរំឭកពីការដែលគាត់ធ្វើ ដោយគាត់និយាយអាក្រក់ពីយើង ហើយមិនស្កប់ចិត្តត្រឹមតែប៉ុណ្ណោះទេ គាត់ថែមទាំងបដិសេធមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួល គាត់ក៏ហាមឃាត់គេ ទាំងបណ្ដេញគេចេញពីក្រុមជំនុំទៀតផង។ 11 ប្អូនស្ងួនភ្ងាអើយ មិនត្រូវត្រាប់តាមអំពើអាក្រក់ឡើយ គឺត្រូវត្រាប់តាមអំពើល្អវិញ។ អ្នកណាដែលប្រព្រឹត្តល្អ អ្នកនោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ មិនដែលបានឃើញព្រះឡើយ។ 12 មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីដេមេទ្រាស ឯយើងក៏ធ្វើបន្ទាល់ពីគាត់ដែរ ហើយអ្នករាល់គ្នាដឹងថា បន្ទាល់របស់យើងជាសេចក្ដីពិត។ ពាក្យជម្រាបសួរចុងក្រោយ 13 ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមក តែខ្ញុំមិនចង់សរសេរដោយស្លាបប៉ាកកា និងទឹកខ្មៅទេ 14 ដ្បិតខ្ញុំសង្ឃឹមថានឹងបានជួបប្អូនក្នុងពេលឆាប់ៗ ហើយនិយាយគ្នាទល់មុខវិញ។ 15 សូមឲ្យប្អូនបានប្រកបដោយសេចក្ដីសុខសាន្ដ។ មិត្តសម្លាញ់ទាំងប៉ុន្មានក៏សូមជម្រាបសួរប្អូនដែរ។ សូមជម្រាបសួរមិត្តសម្លាញ់គ្រប់គ្នាដែលនៅទីនោះ តាមឈ្មោះគេរៀងខ្លួនផង។:៚ |
© 2016 United Bible Societies
Bible Society in Cambodia