ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
អែសរ៉ា 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះជនជាតិអ៊ីស្រាអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!» ។ ប្រជាជនទាំងមូលក៏ស្រែកជយឃោស សរសើរតម្កើងព្រះអម្ចាស់យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ច្រៀងឆ្លើយគ្នា ដោយពាក្យសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ដល់ពួកអ៊ីស្រាអែល រួចបណ្តាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ ដោយព្រោះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា បានដាក់ស្រេចហើយ អាល់គីតាប ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរគុណអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាមានចិត្តសប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះជនជាតិអ៊ីស្រអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។ ប្រជាជនទាំងមូលក៏ស្រែកសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងកងរំពង ព្រោះគេចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។ |
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះ ដើម្បីអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសព្រះអង្គនៅអស់កល្បជានិច្ច។
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។
ពេលពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញ ក្នុងកាលដែលភ្លើងធ្លាក់មក និងសិរីល្អនៃព្រះនៅលើព្រះវិហារ នោះគេក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។
ឯពួកមេក្នុងពួកលេវីមាន ហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។
ដូច្នេះ អស់អ្នកដែលពោលពាក្យអរព្រះគុណទាំងពីរក្រុម ឈរនៅក្នុងព្រះដំណាក់របស់ព្រះ ហើយខ្ញុំ និងពួកមេពាក់កណ្ដាល ក៏នៅជាមួយខ្ញុំដែរ
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ឱព្រះយេហូវ៉ាអើយ ទូលបង្គំគ្មានចិត្តអំនួតឡើយ ហើយភ្នែកទូលបង្គំក៏មិនមើលដោយឆ្មើងឆ្មៃដែរ ទូលបង្គំមិនយកចិត្តទុកដាក់នឹងការធំៗ និងអ្វីដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាល្អ ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ ដ្បិតនេះជាទីដ៏សប្បាយរីករាយ!
ម្នាលប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
មួយបន្លឺទៅកាន់មួយថា៖ «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ ផែនដីទាំងមូលមានពេញ ដោយសិរីល្អរបស់ព្រះអង្គ»។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ? ចុះឥឡូវនេះ តើឃើញយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា? តើមិនឃើញព្រះវិហារនេះមើលទៅដូចជាគ្មានអ្វីសោះទេឬ?
ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
លោកយ៉ូស្វេបង្គាប់ប្រជាជនថា៖ «អ្នករាល់គ្នាមិនត្រូវស្រែក ឬឲ្យមានឮសំឡេងអ្វីឡើយ ក៏មិនត្រូវឲ្យមានឮពាក្យណាចេញពីមាត់អ្នករាល់គ្នាដែរ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាស្រែក នោះសឹមស្រែក»។
នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។
ពេលគេផ្លុំត្រែស្នែងចៀមមានសំឡេងយ៉ាងវែង គឺពេលអ្នករាល់គ្នាឮសំឡេងត្រែ ប្រជាជនទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងក្រុងនឹងរលំចុះនៅនឹងកន្លែង ហើយប្រជាជនទាំងអស់ត្រូវសម្រុកចូលត្រង់ទៅមុខរៀងខ្លួន»។