ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។
អេសេគាល 8:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកយើងក៏ដោយ គង់តែយើងមិនព្រមស្តាប់ឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អញនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកអញនឹងមិនប្រណីឡើយ អញនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកអញក៏ដោយ គង់តែអញមិនព្រមស្តាប់ឡើយ។ អាល់គីតាប យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។ |
ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។
កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។
កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។
ដូច្នេះ មើល៍ ប្រាកដជាយើងនឹងលើកអ្នករាល់គ្នា ហើយបោះអ្នករាល់គ្នាឲ្យចេញឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ព្រមទាំងទីក្រុងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ជាការដែលនាំឲ្យយើងខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬអ្នករាល់គ្នា ឬបុព្វបុរសអ្នក មិនបានស្គាល់ផង។
ហេតុនោះបានជាកំហឹង និងសេចក្ដីក្រោធរបស់យើងបានចាកចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម។ ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ»។
ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន ដ្បិតព្រះយេហូវ៉ាបានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅមុខពួកដែលតតាំង។
ព្រះយេហូវ៉ាបានធ្វើការដែលព្រះអង្គគិតធ្វើ ព្រះអង្គបានសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ពីចាស់បុរាណ គឺព្រះអង្គបានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានអំណរពីដំណើរនាង ព្រះអង្គបានលើកតម្កើងស្នែងរបស់ពួក ដែលតតាំងនឹងនាង។
គឺយ៉ាងនោះ ដែលយើងនឹងសម្រាកសេចក្ដីក្រោធយើងចំពោះអ្នក ហើយសេចក្ដីប្រចណ្ឌរបស់យើង នឹងថយចេញពីចំពោះអ្នកទៅ យើងនឹងនៅស្ងៀម ឥតមានកំហឹងទៀត។
យើងនឹងតាំងសេចក្ដីប្រចណ្ឌរបស់យើងទាស់នឹងអ្នក ហើយគេនឹងប្រព្រឹត្តនឹងអ្នក ដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកអ្នក ហើយសំណល់របស់អ្នកនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់អ្នកទៅ ពួកអ្នកដែលនៅសល់ នឹងត្រូវភ្លើងស៊ីបំផ្លាញ។
មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់អ្នក ដ្បិតយើងបានដុសជម្រះអ្នក តែអ្នកមិនបានស្អាតទេ ដូច្នេះ អ្នកនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់អ្នកទៀតឡើយ ដរាបដល់យើងឲ្យសេចក្ដីក្រោធរបស់យើង ចំពោះអ្នកបានសម្រាកវិញ។
រីឯយើងវិញ ភ្នែកយើងនឹងមិនប្រណីទេ យើងមិនអាណិតមេត្តាឡើយ គឺយើងនឹងទម្លាក់អំពើរបស់គេមកលើក្បាលគេវិញ។
ហើយព្រះអង្គមានព្រះបន្ទូលដល់ប្រាំនាក់ឯទៀតនៅត្រចៀកខ្ញុំថា៖ «ចូរអ្នករាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នកមួយនោះ ហើយប្រហារទៅ កុំឲ្យភ្នែកអ្នកប្រណី ឬអាណិតអាសូរឡើយ។
នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា
កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែព្រះអង្គមិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ»។