អេសេគាល 8 - អាល់គីតាបការថ្វាយបង្គំព្រះក្លែងក្លាយនៅក្រុងយេរូសាឡឹម 1 នៅឆ្នាំទីប្រាំមួយ ថ្ងៃទីប្រាំ ខែទីប្រាំមួយ ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានអះលីជំអះនៃជនជាតិយូដាអង្គុយនៅមុខខ្ញុំ អុលឡោះតាអាឡាជាម្ចាស់ដាក់ដៃលើខ្ញុំ។ 2 ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់។ 3 ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ រសរបស់អុលឡោះលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីអុលឡោះ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យអុលឡោះប្រច័ណ្ឌ។ 4 សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅទីនោះ មានទ្រង់ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំដែរ។ 5 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រឡេកមើលទៅទិសខាងជើងទៅ!»។ ខ្ញុំក៏ក្រឡេកមើលទៅទិសខាងជើង ឃើញរូបដែលបណ្ដាលឲ្យអុលឡោះជាម្ចាស់ប្រច័ណ្ឌនោះ ស្ថិតនៅខាងជើងមាត់ទ្វារចូលទីអាសនៈ។ 6 ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជពង្សអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទីសក្ការៈរបស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។ 7 ពេលនោះ ទ្រង់នាំខ្ញុំឆ្ពោះទៅមាត់ទ្វារចូលលានម៉ាស្ជិទ។ ខ្ញុំក្រឡេកមើលទៅឃើញមានរន្ធមួយនៅក្នុងជញ្ជាំង។ 8 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរចោះជញ្ជាំងទៅ!»។ ខ្ញុំក៏ចោះជញ្ជាំង ធ្វើប្រឡោះមួយ។ 9 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ចូរចូលមកមើលអំពើអាក្រក់គួរឲ្យស្អប់ខ្ពើម ដែលពួកគេកំពុងប្រព្រឹត្តនៅទីនេះ!»។ 10 ខ្ញុំក៏ចូលទៅមើល ឃើញមានរូបសត្វលូនវារ និងសត្វចង្រៃគ្រប់ប្រភេទ ព្រមទាំងរូបព្រះក្លែងក្លាយទាំងអស់របស់ពូជពង្សអ៊ីស្រអែល ឆ្លាក់លើជញ្ជាំងដែលនៅជុំវិញ។ 11 មានអះលីជំអះនៃពូជពង្សអ៊ីស្រអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។ 12 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលអះលីជំអះរបស់ពូជពង្សអ៊ីស្រអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “អុលឡោះតាអាឡាមើលយើងពុំឃើញទេ! អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ”»។ 13 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត ដែលពួកគេកំពុងប្រព្រឹត្ត»។ 14 ទ្រង់នាំខ្ញុំទៅទ្វារចូលដំណាក់របស់អុលឡោះតាអាឡា ប៉ែកខាងជើង។ នៅទីនោះ ស្រីៗអង្គុយយំស្រណោះព្រះថាមូស។ 15 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមអាក្រក់ជាងនេះទៅទៀត»។ 16 បន្ទាប់មក ទ្រង់នាំខ្ញុំទៅទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា។ នៅមាត់ទ្វារម៉ាស្ជិទ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់អុលឡោះតាអាឡា ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។ 17 ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អំពើគួរស្អប់ខ្ពើមដែលពូជពង្សយូដាប្រព្រឹត្តនៅទីនេះមិនទាន់គ្រប់គ្រាន់ទេ បានជាពួកគេប្រព្រឹត្តអំពើឃោរឃៅពាសពេញស្រុកថែមទៀត ពួកគេចេះតែធ្វើឲ្យយើងខឹង។ ពួកគេយកមែកឈើដាក់ជិតច្រមុះរបស់ខ្លួន។ 18 យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies