អេសាយ 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។ ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាចង្កេះរបស់ខ្ញុំពេញដោយការឈឺចាប់ ការឈឺចុកចាប់បានចាប់ខ្ញុំ ដូចការឈឺចុកចាប់របស់ស្ត្រីដែលកំពុងសម្រាលកូន។ ខ្ញុំវិលវល់បានជាស្ដាប់មិនឮ ខ្ញុំតក់ស្លុតបានជាមើលមិនឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសំរាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។ |
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។
ចិត្តខ្ញុំក៏ស្រែកឡើងនឹងម៉ូអាប់ដែរ ពួកគេដែលរត់យោងខ្លួន ក៏រត់រហូតដល់ក្រុងសូអារ ដូចជាគោឈ្មោលអាយុបីខួប គេដើរទៅទាំងយំតាមផ្លូវ ឡើងទៅឯក្រុងលូគីត គេស្រែកប្រកាសពីការបំផ្លាញ តាមផ្លូវទៅឯក្រុងហូរ៉ូណែម
ហេតុនោះ យើងនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តយើងដែរ ដោយព្រោះគារ-ហារ៉ាសែត។
ដូច្នេះ យើងនឹងយំចំពោះដើមទំពាំងបាយជូរ នៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន និងក្រុងអេលាលេអើយ យើងនឹងស្រោចអ្នកដោយទឹកភ្នែក ដ្បិតសូរសម្រែករបស់សឹកសង្គ្រាម បានធ្លាក់មកចំនឹងការប្រមូលផល និងការច្រូតកាត់របស់អ្នកហើយ។
ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសម្រាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា យើងខ្ញុំក៏ស្រែកនៅចំពោះព្រះអង្គយ៉ាងនោះដែរ។
ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។
កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន។
គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តរបស់មនុស្សខ្លាំងពូកែនៅស្រុកអេដុមនឹងឈឺចាប់ដូចជាស្រីដែលហៀបនឹងសម្រាលកូន។
ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តរបស់ទ្រង់ក៏ខ្សោយទៅ មានសេចក្ដីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន។
យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងមានការព្រួយបារម្ភ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសម្រាលកូន។
ខ្ញុំបានឮ ហើយខ្ញុំក៏ញ័ររន្ធត់ បបូរមាត់ខ្ញុំក៏ញ័រ ដោយឮសំឡេងនោះ ក្នុងឆ្អឹងរបស់ខ្ញុំពុកទៅៗ ខ្ញុំក៏ទន់ជើងនៅស្ងៀម ព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់។
ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។
នៅពេលព្រឹក អ្នកនឹងពោលថា "ឱសូមឲ្យល្ងាចឆាប់មកដល់!" ហើយដល់ពេលល្ងាច នោះអ្នកនឹងពោលថា "ឱសូមឲ្យព្រឹកឆាប់មកដល់!" ព្រោះតែសេចក្ដីភិតភ័យនៅក្នុងចិត្តរបស់អ្នក ដែលនាំឲ្យអ្នកខ្លាច ហើយព្រោះតែការដែលភ្នែករបស់អ្នកនឹងឃើញ។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។