Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 21 - ព្រះគម្ពីរខ្មែរសាកល


ការជំនុំជម្រះបាប៊ីឡូន

1 នេះជា​ទំនាយ​ស្ដីអំពី​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​: ដូចដែល​ខ្យល់កួច​នៅ​ណេកិប​បក់​មកពី​ទីរហោស្ថាន​យ៉ាងណា វា​នឹង​មក​ពី​ដែនដី​ដ៏​គួរឲ្យខ្លាច​យ៉ាងនោះដែរ​។

2 មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។

3 ហេតុនេះហើយបានជា​ចង្កេះ​របស់ខ្ញុំ​ពេញ​ដោយ​ការឈឺចាប់ ការឈឺចុកចាប់​បាន​ចាប់​ខ្ញុំ ដូច​ការឈឺចុកចាប់​របស់​ស្ត្រីដែល​កំពុង​សម្រាលកូន​។ ខ្ញុំ​វិលវល់​បានជាស្ដាប់មិនឮ ខ្ញុំ​តក់ស្លុត​បានជាមើលមិនឃើញ​។

4 ចិត្ត​របស់ខ្ញុំ​បាន​វង្វេង សេចក្ដីតក់ស្លុត​បាន​បំភ័យ​ខ្ញុំ ថ្ងៃលិច​ដែលជា​ទីប្រាថ្នា​របស់ខ្ញុំ បាន​ត្រឡប់ជា​ការភិតភ័យ​ដល់​ខ្ញុំ​វិញ​។

5 ចូរ​រៀប​តុអាហារ ចូរ​ក្រាល​កម្រាល ហើយ​ស៊ីផឹក​ចុះ​។ បណ្ដា​មេដឹកនាំ​អើយ ចូរ​ក្រោកឡើង ចូរ​លាបប្រេង​លើ​ខែល​ទៅ​!

6 ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “ចូរ​ទៅ​ដាក់​អ្នកយាម​ម្នាក់ ឲ្យ​គេ​ប្រាប់​អ្វីដែល​គេ​ឃើញ​។

7 កាលណា​គេ​ឃើញ​រទេះចម្បាំង​ជាមួយ​ពលសេះ​មួយគូ​ៗ អ្នកជិះ​លា និង​អ្នកជិះ​អូដ្ឋ ចូរឲ្យ​គេ​យកចិត្តទុកដាក់យ៉ាងខ្លាំង គឺ​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត”។

8 រួច​អ្នកយាម​ស្រែកថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ពេលថ្ងៃ​ខ្ញុំ​ឈរ​នៅលើ​ប៉ម​ជានិច្ច ហើយ​រៀងរាល់​យប់​ខ្ញុំ​ប្រចាំការ​នៅ​ទីចាំយាម​របស់ខ្ញុំ​។

9 ហើយ​មើល៍! មាន​រទេះចម្បាំង ពលទាហាន និង​ពលសេះ​មួយគូ​ៗ​កំពុង​មក​!”។ នោះ​មាន​គេ​តប​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​បាន​រលំ​ហើយ​! អស់ទាំង​រូបឆ្លាក់​នៃ​បណ្ដា​ព្រះ​របស់នាង​បាន​បាក់បែក​នៅលើ​ដី​ហើយ”។

10 ប្រជាជនដែលត្រូវបានបញ្ជាន់​របស់ខ្ញុំ ប្រជាជន​នៃ​លានបោកស្រូវ​របស់ខ្ញុំ​អើយ អ្វីដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់គ្នា​ហើយ​។


ទំនាយទាស់នឹងឌូម៉ា

11 នេះជា​ទំនាយ​ស្ដីអំពី​ពួក​ឌូម៉ា​: មាន​ម្នាក់​ស្រែក​មក​ខ្ញុំ​ពី​សៀរ​ថា​៖ “អ្នកយាម​អើយ យប់​ថ្មើរណាហើយ​? អ្នកយាម​អើយ យប់​ថ្មើរណាហើយ​?”។

12 អ្នកយាម​ឆ្លើយថា​៖ “ពេលព្រឹក​កំពុងតែ​មក ហើយ​ពេលយប់​ក៏​មកទៀត​ដែរ​។ បើ​អ្នក​ចង់​សួរ ចូរ​សួរ​ចុះ​! ចូរ​ត្រឡប់​មក​ទៀត​ចុះ”។


ទំនាយទាស់នឹងអារ៉ាប៊ី

13 នេះជា​ទំនាយ​ស្ដីអំពី​អារ៉ាប៊ី​: ក្បួនឈ្មួញ​នៃ​ជនជាតិដេដាន់​អើយ អ្នករាល់គ្នា​នឹង​ស្នាក់នៅពេលយប់​ក្នុង​ព្រៃ​នៅ​អារ៉ាប៊ី​។

14 ពួកអ្នកដែល​រស់នៅ​ដែនដី​ថេម៉ា​អើយ ចូរ​យក​ទឹក​មក​ជួប​អ្នកដែល​ស្រេក ចូរ​ទទួល​អ្នកដែល​រត់គេច​ជាមួយនឹង​អាហារ​របស់ខ្លួន​ចុះ

15 ពីព្រោះ​ពួកគេ​បាន​រត់គេច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូតចេញ ពី​ធ្នូ​ដែល​យឹត​ជាស្រេច និង​ពី​បន្ទុក​នៃ​សង្គ្រាម​។

16 ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “ក្នុង​មួយ​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល អស់ទាំង​សិរីរុងរឿង​របស់​ពួក​កេដារ​នឹង​សាបសូន្យ​ទៅ​។

17 នោះ​ចំនួន​សំណល់​នៃ​ពលធ្នូ​ដ៏ខ្លាំងពូកែ​ក្នុង​កូនចៅ​កេដារ នឹង​សល់តិច”។ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល បាន​មានបន្ទូល​ហើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម