អេសាយ 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទំនាយពីការដាក់ទោសស្រុកបាប៊ីឡូន អេដុម និងស្រុកអារ៉ាប់ 1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរវាលរហាលក្បែរសមុទ្រ។ ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់តំបន់ណេកិបដែរ 2 មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។ 3 ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។ 4 ទ្រូងខ្ញុំពើតខ្ទោកៗ សេចក្ដីស្ញែងខ្លាចយ៉ាងសម្បើមបានបំភ័យខ្ញុំ វេលាព្រលប់ដែលជាពេលសប្បាយដល់ខ្ញុំ នោះបានត្រឡប់ជាវេលាតក់ស្លុតដល់ខ្ញុំវិញ។ 5 គឺគេរៀបតុ ហើយដាក់ឲ្យចាំយាម រួចគេស៊ីគេផឹក ស្រាប់តែឮសម្រែកថា៖ ចូរក្រោកឡើងពួកមេទាំងឡាយអើយ ចូរលាបខែលទៅ 6 ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។ 7 គេក៏ឃើញកងទ័ព មានពលសេះដើរទន្ទឹមគ្នាមួយគូៗ មានម្នាក់ជិះលើលា និងម្នាក់ជិះលើអូដ្ឋផង គេក៏ប្រុងស្តាប់អស់ពីចិត្ត។ 8 រួចស្រែកមកដូចជាអ្នកចាំយាម ថា៖ «លោកម្ចាស់អើយ នៅវេលាថ្ងៃ ខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ។ 9 មើល៍! មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ!» រួចគេបន្លឺសំឡេងឡើងទៀតថា៖ «ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេ បានបែកខ្ចាត់ខ្ចាយនៅលើដី»។ 10 ឱពួកអ្នកដែលត្រូវបញ្ជាន់ ជាគ្រាប់ពូជនៅទីលានរបស់យើងអើយ សេចក្ដីដែលបានឮមកពីព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានប្រាប់ដល់អ្នករាល់គ្នាហើយ។ 11 នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមអើយ តើយប់យ៉ាងណាទៅ? 12 អ្នកយាមក៏ឆ្លើយតបថា៖ ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើអ្នកចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។ 13 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ 14 គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារ មកទទួលពួកអ្នកដែលរត់ 15 ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់ ពីធ្នូដែលដំឡើងជាស្រេច ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម។ 16 ពីព្រោះព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសិរីល្អរបស់ពួកកេដារនឹងសូន្យបាត់ទៅ 17 ហើយពួកពលធ្នូ ជាពួកមនុស្សខ្លាំងពូកែក្នុងពួកកូនចៅកេដារ ដែលនៅសល់ នឹងមានគ្នាតិចតួចទេ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានមានព្រះបន្ទូលជាស្រេចហើយ។ |
© 2016 United Bible Societies
Bible Society in Cambodia