អេសាយ 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសម្រាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន។ 2 ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។ 3 ចូរជួយប្រឹក្សា ហើយសម្រេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលអ្នកបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់យោងខ្លួនឡើយ។ 4 ចូរឲ្យជនភាសខ្លួននៃសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកចុះ ចូរគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ 5 ពេលនោះ មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះដោយសេចក្ដីពិត ទាំងជំនុំជម្រះ ហើយសម្រេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។ 6 យើងបានឮពីអំនួតរបស់សាសន៍ម៉ូអាប់ គេជាអ្នកអួតអាងណាស់ គេឆ្មើងឆ្មៃ អំនួត និងក្រេវក្រោធផង តែការអួតអាងរបស់គេជាការឥតប្រយោជន៍ទេ។ 7 ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាប ចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ អ្នករាល់គ្នានឹងយំស្តាយចំពោះផែនទំពាំងបាយជូរ នៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួល។ 8 ដ្បិតចម្ការនៃក្រុងហែសបូន សុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង។ 9 ដូច្នេះ យើងនឹងយំចំពោះដើមទំពាំងបាយជូរ នៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន និងក្រុងអេលាលេអើយ យើងនឹងស្រោចអ្នកដោយទឹកភ្នែក ដ្បិតសូរសម្រែករបស់សឹកសង្គ្រាម បានធ្លាក់មកចំនឹងការប្រមូលផល និងការច្រូតកាត់របស់អ្នកហើយ។ 10 ដូច្នេះ អំណរ និងសេចក្ដីរីករាយបានដកចេញ ពីស្រែចម្ការដ៏ដុះដាលរបស់អ្នក នៅក្នុងចម្ការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។ 11 ហេតុនោះ យើងនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តយើងដែរ ដោយព្រោះគារ-ហារ៉ាសែត។ 12 កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។ 13 នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសាសន៍ម៉ូអាប់។ 14 តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។ |
© 2016 United Bible Societies
Bible Society in Cambodia