ព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។
ហេព្រើរ 12:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។ ព្រះគម្ពីរខ្មែរសាកល ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។ Khmer Christian Bible ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ អាល់គីតាប ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
ដូច្នេះ លោកម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ហើយដាក់ភ្ជាប់នៅលើបង្គោល។ កាលណាមានពស់ចឹកអ្នកណាម្នាក់ អ្នកនោះក្រឡេកមើលទៅរូបពស់លង្ហិន នោះគេក៏បានរស់។
តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។
កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
[ដូច្នេះក៏បានសម្រេចតាមបទគម្ពីរដែលចែងថា៖ «គេបានរាប់បញ្ចូលព្រះអង្គជាមួយពួកទទឹងច្បាប់» ។]
ដូច្នេះ ក្រោយពីព្រះអង្គមានព្រះបន្ទូលទៅគេរួចហើយ ព្រះក៏លើកព្រះអម្ចាស់យេស៊ូវឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំព្រះហស្តរបស់ព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីតាំងការទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានសេចក្តីចែងទុកអំពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង?
ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!»
លុះព្រះបាទហេរ៉ូឌ និងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ គេយកអាវយ៉ាងវិសេសមកបំពាក់ឲ្យព្រះអង្គ រួចបញ្ជូនត្រឡប់ទៅលោកពីឡាត់វិញ។
តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខនឹងការទាំងនេះ ហើយចូលទៅក្នុងសិរីល្អរបស់ព្រះអង្គទេឬ?»
លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។
ឯខ្ញុំ ប្រសិនបើខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។
ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ
នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។
លោកអ័ប្រាហាំ ជាបុព្វបុរសអ្នករាល់គ្នាត្រេកអរ ដោយឃើញខ្ញុំមកដល់ លោកបានឃើញមែន ហើយមានសេចក្តីរីករាយជាខ្លាំង»។
ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។
អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។
ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។
ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។
ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។
តែយើងប្រកាសអំពីព្រះគ្រីស្ទដែលត្រូវឆ្កាង ជាហេតុនាំឲ្យជំពប់ចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងីល្ងើដល់សាសន៍ក្រិក
ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។
ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ប៉ុន្តែ តើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «ចូរអង្គុយខាងស្តាំយើង ទាល់តែយើងដាក់ខ្មាំងសត្រូវ ទុកជាកំណល់កល់ជើងអ្នក» ឬទេ?
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។
ពេលខ្លះ អ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ និងធ្វើទុក្ខបៀតបៀននៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នារួមចំណែកជាមួយអស់អ្នកដែលត្រូវគេធ្វើទុក្ខយ៉ាងនោះទៀតផង។
ខ្លះទៀតទទួលរងការចំអកឡកឡើយ ការវាយដំ ហើយថែមទាំងជាប់ច្រវាក់ និងជាប់ឃុំឃាំងទៀតផង។
ដូច្នេះ ចូរពិចារណាពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងពួកមនុស្សបាប ដែលប្រព្រឹត្តទទឹងទទែងចំពោះព្រះអង្គយ៉ាងខ្លាំង ក្រែងលោអ្នករាល់គ្នាត្រូវនឿយណាយ ហើយរសាយចិត្ត។
ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។
កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ
(ដ្បិតក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ)។ ម្យ៉ាងទៀត សេចក្តីសង្ឃឹមមួយដ៏ប្រសើរជាង បានចូលមក ដែលតាមរយៈសេចក្តីសង្ឃឹមនោះ យើងអាចចូលទៅជិតព្រះបាន។
រីឯចំណុចសំខាន់ក្នុងសេចក្ដីដែលយើងកំពុងនិយាយនេះ គឺថា យើងមានសម្តេចសង្ឃមួយអង្គបែបនេះ ដែលគង់ខាងស្តាំបល្ល័ង្កនៃព្រះដ៏មានឫទ្ធានុភាពនៅស្ថានសួគ៌
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។
ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។
ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ
ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។
ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង។
«អ្វីៗដែលអ្នកឃើញ ចូរកត់ត្រាទុកក្នុងសៀវភៅមួយ រួចផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងស្មឺណាថា៖ ព្រះដ៏ជាដើម និងជាចុង ដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា