ម៉ាកុស 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេស៊ូវនៅមុខលោកពីឡាត់ (ម៉ាថាយ ២៧.១-២ , ១១-១៤ លូកា ២៣.១-៥ យ៉ូហាន ១៨.២៨-៣៨ ) 1 លុះព្រឹកឡើងភ្លាម ពួកសង្គ្រាជបានជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំ ពួកអាចារ្យ និងក្រុមប្រឹក្សាទាំងមូល។ គេចងព្រះយេស៊ូវ ហើយនាំព្រះអង្គទៅប្រគល់ឲ្យលោកពីឡាត់។ 2 លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ 3 ពេលនោះ ពួកសង្គ្រាជបានយករឿងជាច្រើនមកចោទប្រកាន់ព្រះអង្គ។ 4 លោកពីឡាត់សួរព្រះអង្គម្តងទៀតថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? មើលចុះ គេយករឿងជាច្រើនមកចោទប្រកាន់អ្នក»។ 5 តែព្រះយេស៊ូវពុំបានឆ្លើយអ្វីទៀតឡើយ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់ជាខ្លាំង។ លោកពីឡាត់ប្រគល់ព្រះយេស៊ូវទៅឲ្យគេឆ្កាង (ម៉ាថាយ ២៧.១៥-២៦ លូកា ២៣.១៣-២៥ យ៉ូហាន ១៨.៣៩-១៩.១៦) 6 រាល់ពេលបុណ្យ លោកមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ តាមដែលគេសុំ។ 7 មានបុរសម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយពួកបះបោរ គាត់បានសម្លាប់គេក្នុងពេលបះបោរនោះ។ 8 បណ្ដាជនចាប់ផ្ដើមឡើងមកសុំលោកពីឡាត់ ដើម្បីឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកបានធ្វើដល់ពួកគេ។ 9 លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចសាសន៍យូដា ឲ្យអ្នករាល់គ្នាឬ?» 10 ដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។ 11 ប៉ុន្តែ ពួកសង្គ្រាជបានញុះញង់បណ្ដាជន សុំឲ្យលោកដោះលែងបារ៉ាបាសវិញ។ 12 លោកពីឡាត់សួរគេម្តងទៀតថា៖ «ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ?» 13 គេស្រែកឡើងទៀតថា៖ «ចូរឆ្កាងវាទៅ!» 14 លោកពីឡាត់សួរគេថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ចូរឆ្កាងវាទៅ!» 15 ដូច្នេះ ដោយលោកពីឡាត់ចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ។ កាលបានវាយព្រះយេស៊ូវដោយរំពាត់រួចហើយ លោកក៏ប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។ ពួកទាហានប្រមាថមើលងាយព្រះយេស៊ូវ (ម៉ាថាយ ២៧.២៧-៣១ យ៉ូហាន ១៩.២-៣ ) 16 ពួកទាហានបណ្ដើរព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ ដែលជាកន្លែងកាត់ក្តី រួចគេហៅទ័ពទាំងអស់មកជួបជុំគ្នា។ 17 គេយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ ហើយគេក្រងបន្លាធ្វើជាមកុដបំពាក់លើព្រះសិរព្រះអង្គ 18 រួចចាប់ផ្ដើមគំនាប់ព្រះអង្គថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា!» 19 គេយកដើមត្រែងវាយព្រះសិរព្រះអង្គ ស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គ។ 20 ក្រោយពីបានប្រមាថមើលងាយព្រះអង្គហើយ គេក៏ដោះអាវពណ៌ស្វាយចេញ បំពាក់ព្រះពស្ត្ររបស់ព្រះអង្គវិញ ហើយបណ្ដើរព្រះអង្គយកទៅឆ្កាង។ គេឆ្កាងព្រះយេស៊ូវ (មថ. ២៧.៣២-៤៤ លក. ២៣.២៦-៤៣ យហ. ១៩.១៧-២៧) 21 ពេលនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន អ្នកស្រុកគីរេន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលត្រឡប់មកពីចម្ការតាមផ្លូវនោះ គេចាប់បង្ខំឲ្យគាត់លីឈើឆ្កាងរបស់ព្រះអង្គ។ 22 គេនាំព្រះយេស៊ូវទៅកន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល»។ 23 គេយកស្រាទំពាំងបាយជូរ លាយជាមួយជ័រល្វីងទេស មកថ្វាយព្រះអង្គសោយ តែព្រះអង្គមិនបានសោយទេ។ 24 គេក៏ឆ្កាងព្រះអង្គ ហើយយកព្រះពស្ត្រព្រះអង្គមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអ្វី។ 25 គេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក។ 26 គេសរសេរប្រកាសកាត់ទោសព្រះអង្គថា «ស្តេចសាសន៍យូដា»។ 27 គេឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ 28 [ដូច្នេះក៏បានសម្រេចតាមបទគម្ពីរដែលចែងថា៖ «គេបានរាប់បញ្ចូលព្រះអង្គជាមួយពួកទទឹងច្បាប់» ។] 29 ពួកអ្នកដែលដើរកាត់តាមទីនោះ ចំអកមើលងាយព្រះអង្គ ទាំងគ្រវីក្បាល ហើយពោលថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! 30 ចូរសង្គ្រោះខ្លួនឯង ហើយចុះពីឈើឆ្កាងមក»។ 31 ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ចំអកមើលងាយព្រះអង្គដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «គាត់សង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ។ 32 សូមព្រះគ្រីស្ទ ជាស្តេចសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!» អ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គ គេក៏ម្រមាថមើលងាយព្រះអង្គដែរ។ ព្រះយេស៊ូវចូលទិវង្គត (មថ. ២៧.៤៥-៥៦ លក. ២៣.៤៤-៤៩ យហ. ១៩.២៨-៣០) 33 នៅពេលថ្ងៃត្រង់ មេឃងងឹតគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ 34 នៅវេលាម៉ោងបី ព្រះយេស៊ូវស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ា សាបាច់ថានី ដែលប្រែថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? » 35 ពេលអ្នកខ្លះដែលឈរនៅទីនោះឮពាក្យនេះ គេពោលថា៖ «ស្តាប់មើល៍! គាត់ហៅរកលោកអេលីយ៉ាហើយ!»។ 36 មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែង ហុចថ្វាយព្រះអង្គសោយ ដោយពោលថា៖ «ឈប់សិន ចាំមើលមើល៍ តើលោកអេលីយ៉ាចុះមកយកគាត់ចុះពីឈើឆ្កាងឬទេ?» 37 ព្រះយេស៊ូវក៏ស្រែកយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។ 38 ពេលនោះ វាំងននក្នុងព្រះវិហារក៏រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ 39 កាលមេទ័ពដែលឈរទល់មុខព្រះអង្គ ឃើញព្រះអង្គ[ស្រែកឡើង] ហើយផុតដង្ហើមទៅដូច្នេះ ក៏ពោលថា៖ «បុរសនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!» 40 មានស្ត្រីខ្លះឈរមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារាជាម្ដាយយ៉ាកុបតូច និងជាម្ដាយយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ។ 41 ស្ត្រីទាំងនោះធ្លាប់តាមបម្រើព្រះអង្គ ពេលព្រះអង្គគង់នៅស្រុកកាលីឡេ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។ ការបញ្ចុះព្រះសពព្រះយេស៊ូវ (មថ. ២៧.៥៧-៦១ លក. ២៣.៥០-៥៦ យហ. ១៩.៣៨-៤២) 42 លុះដល់ល្ងាច ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំ គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ 43 លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ជាសមាជិកដែលមានកេរ្ដិ៍ឈ្មោះល្អម្នាក់ក្នុងក្រុមប្រឹក្សា ហើយក៏ជាអ្នករង់ចាំព្រះរាជ្យរបស់ព្រះដែរ លោកទៅជួបលោកពីឡាត់ដោយក្លាហាន ដើម្បីសុំព្រះសពព្រះយេស៊ូវ។ 44 លោកពីឡាត់នឹកឆ្ងល់ ដោយឮថាព្រះអង្គសុគតផុតទៅហើយ លោកក៏ហៅមេទ័ពមកសួរឲ្យដឹងថា ព្រះអង្គសុគតមែន ឬមិនមែន។ 45 ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។ 46 លោកទិញសំពត់ទេសឯក យកព្រះសពព្រះអង្គចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះទៅក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្មមួយផ្ទាំង បិទមាត់ផ្នូរ។ 47 នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា ជាម្តាយយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia