វិវរណៈ 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។ ព្រះគម្ពីរខ្មែរសាកល មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។ Khmer Christian Bible មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមកដើម្បីឲ្យព្រះអង្គប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត អាល់គីតាប មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។ |
គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
ដ្បិតគេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ ដ្បិតទីនោះបានរៀបចំទុកសម្រាប់ស្តេច នោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញដោយភ្លើង គឺជាខ្យល់ដង្ហើមនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។
ចូរលូកកណ្តៀវទៅ ដ្បិតចម្រូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងបញ្ជាន់ផ្លែពេញហើយ ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់។
លោកនឹងបង្វែរចិត្តឪពុកមករកកូន និងចិត្តកូនមករកឪពុកវិញ ក្រែងយើងមកវាយផែនដីដោយបណ្ដាសា »។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ
ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។
ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។
នាងសម្រាលបានកូនប្រុស ដែលត្រូវគ្រប់គ្រងលើ អស់ទាំងជាតិសាសន៍ ដោយដំបងដែក តែព្រះបានឆក់យកកូនរបស់នាងទៅដល់បល្ល័ង្ករបស់ព្រះអង្គ
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។
រីឯអ្នកដែលនៅសល់ ក៏ត្រូវស្លាប់ដោយដាវរបស់ព្រះអង្គដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់របស់ពួកអ្នកទាំងនោះ។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងពើកាម៉ុសថា៖ ព្រះដែលមានដាវមុខពីរដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
ដូច្នេះ ចូរប្រែចិត្តចុះ បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗ ហើយច្បាំងនឹងគេ ដោយដាវដែលចេញពីមាត់របស់យើង។
អ្នកនោះនឹងឃ្វាលគេដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី ដូចអំណាចដែលយើងបានទទួលពីព្រះវរបិតារបស់យើងដែរ