វិវរណៈ 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វដែលអ្នកបានឃើញនោះ ពីដើមវាមាន តែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីជង្ហុកធំមក រួចត្រូវវិនាសបាត់ទៅ។ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតពិភពលោកមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន ហើយដែលត្រូវមកនោះ។ ព្រះគម្ពីរខ្មែរសាកល សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។ Khmer Christian Bible សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ អាល់គីតាប សត្វដែលអ្នកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរ៉កាអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ |
ស្ដេចនឹងដំឡើងពន្លាជារាជដំណាក់នៅកណ្ដាលសមុទ្រ ហើយនៅជិតភ្នំបរិសុទ្ធដ៏រុងរឿង ប៉ុន្តែ ជីវិតស្ដេចនោះចូលដល់ចុងបញ្ចប់ ឥតមានអ្នកណាជួយឡើយ។
ពេលនោះ ខ្ញុំគន់មើល ព្រោះមានសំឡេងរបស់ស្នែង ដែលពោលពាក្យយ៉ាងធំ។ ពេលខ្ញុំមើលទៅ ឃើញគេសម្លាប់សត្វនោះ ហើយគេបំផ្លាញខ្មោចវា រួចបោះចោលឲ្យភ្លើងឆេះ។
ប៉ុន្តែ ការវិនិច្ឆ័យនឹងរៀបចំជាស្រេច ហើយគេនឹងដកអំណាចគ្រប់គ្រងពីស្ដេចនោះ ហើយឲ្យត្រូវបំផ្លាញ ឲ្យត្រូវវិនាសសាបសូន្យរហូតតទៅ។
ក្រោយមក ក្នុងនិមិត្តនៅពេលយប់នោះ ខ្ញុំឃើញសត្វទីបួន ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប វាកិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង។ សត្វនោះប្លែកពីសត្វមុនៗអស់ទាំង គឺវាក៏មានស្នែងដប់។
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក
ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។
អារក្សទាំងនោះអង្វរព្រះអង្គ សូមកុំឲ្យព្រះអង្គបង្គាប់វាចុះទៅក្នុងជង្ហុកធំឡើយ។
ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប
ព្រះបានតម្រូវព្រះអង្គទុកតាំងពីមុនកំណើតពិភពលោកមក តែបានលេចមកនៅគ្រាចុងក្រោយនេះ ដោយព្រោះអ្នករាល់គ្នា។
កាលណាអ្នកទាំងពីរបានធ្វើបន្ទាល់របស់ខ្លួនចប់ហើយ សត្វសាហាវដែលឡើងពីជង្ហុកធំក៏មកច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង
រីឯសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន គឺជាស្តេចទីប្រាំបី តែក៏នៅក្នុងចំណោមស្តេចទាំងប្រាំពីរនោះដែរ ហើយត្រូវវិនាសបាត់ទៅ។
ពួកស្តេចនៅផែនដីបានសហាយស្មន់ជាមួយស្ត្រីនោះ ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រានៃអំពើសហាយស្មន់របស់នាង»។
អារក្សដែលនាំគេឲ្យវង្វេង ត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងហោរាក្លែងក្លាយនៅ។ គេនឹងត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ អស់កល្បជានិច្ចរៀងរាបតទៅ។
ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។