វិវរណៈ 17 - អាល់គីតាបការវិនិច្ឆ័យទោសស្ដ្រីពេស្យា 1 បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ 2 ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ដ្រីនោះ ហើយមនុស្សម្នានៅលើផែនដី ក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។ 3 ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន។ នៅទីនោះ ខ្ញុំឃើញស្ដ្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថអុលឡោះ។ សត្វនោះមានក្បាលប្រាំពីរ និងមានស្នែងដប់។ 4 ស្ដ្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។ 5 នៅលើថ្ងាសនាងមានចារឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូន ជាម្ដាយរបស់ពួកស្ដ្រីពេស្យា និងជាប្រភពនៃអំពើគួរឲ្យស្អប់ខ្ពើមនៅលើផែនដី»។ 6 ខ្ញុំឃើញស្ដ្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមអស់អ្នកដែលជាបន្ទាល់របស់អ៊ីសា។ ពេលឃើញស្ដ្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ 7 ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ដ្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។ 8 សត្វដែលអ្នកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរ៉កាអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ 9 ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃមករិះគិតទើបយល់ៈ ក្បាលប្រាំពីរ សំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ដ្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរនាក់ដែរ។ 10 ស្ដេចប្រាំបានធ្លាក់រាជ្យបាត់ទៅហើយ ស្តេចមួយទៀត កំពុងតែគ្រងរាជ្យ ហើយស្តេចមួយទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់គាត់នឹងគ្រងរាជ្យតែមួយភ្លែតប៉ុណ្ណោះ។ 11 រីឯសត្វតិរច្ឆានដែលមានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។ 12 ស្នែងទាំងដប់ដែលអ្នកបានឃើញ សំដៅទៅលើស្ដេចដប់ដែលពុំទាន់បានទទួលរាជ្យសម្បត្តិនៅឡើយ តែស្ដេចទាំងនោះនឹងទទួលអំណាច ធ្វើជាស្ដេចបានមួយម៉ោងរួមជាមួយសត្វតិរច្ឆាន។ 13 ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់កំលាំង និងអំណាចខ្លួន ទៅឲ្យសត្វតិរច្ឆាន។ 14 ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតគាត់ជាអម្ចាស់លើអម្ចាស់នានា និងជាស្តេច លើស្តេចនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលអុលឡោះបានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។ 15 ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលអ្នកបានឃើញ គឺមហាសមុទ្រដែលស្ដ្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ដ្រ មហាជន ជាតិសាសន៍ និងភាសានានា។ 16 រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ដ្រីពេស្យានោះ ហើយធ្វើឲ្យនាងនៅស្ងាត់ជ្រងំទាំងសម្រាតនាងឲ្យនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និងយកនាងទៅដុតក្នុងភ្លើងទៀតផង 17 ដ្បិតអុលឡោះបានបណ្ដាលឲ្យពួកគេមានចិត្ដ ធ្វើតាមផែនការរបស់ទ្រង់ គឺមូលមតិគ្នាប្រគល់រាជ្យសម្បត្តិទៅឲ្យសត្វតិរច្ឆាន រហូតដល់បន្ទូលរបស់អុលឡោះ បានសម្រេចគ្រប់ប្រការ។ 18 រីឯស្ដ្រីដែលអ្នកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។ |
© 2014 United Bible Societies, UK.
United Bible Societies