លូកា 19:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងពង្រាបអ្នក និងកូនចៅរបស់អ្នកដែលនៅក្នុងអ្នក ឲ្យស្មើនឹងដី ដោយមិនទុកថ្មណាមួយឲ្យសល់នៅលើថ្មមួយទៀត នៅក្នុងអ្នកឡើយ ពីព្រោះអ្នកមិនបានទទួលស្គាល់ពេលវេលាដែលព្រះយាងមកដល់អ្នកទេ”។ Khmer Christian Bible ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។ អាល់គីតាប គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលអុលឡោះបានមកសង្គ្រោះអ្នកទេ»។ |
តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា
យើងនឹងបោះទ័ពឡោមព័ទ្ធអ្នក ព្រមទាំងដាក់ទាហានបង្ខាំងជុំវិញ ហើយចាត់ចែងគ្រឿងសឹកច្បាំងនឹងអ្នក។
ហើយគ្មានសំណល់សល់សម្រាប់គេឡើយ ដ្បិតនៅឆ្នាំដែលយើងនឹងធ្វើទោសដល់ពួកក្រុងអាណាថោត នោះយើងនឹងនាំសេចក្ដីអាក្រក់មកលើគេយ៉ាងពិតប្រាកដ។
ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។
លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាឃើញរបស់អស់ទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។
«សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។
ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង
«ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។
«រីឯរបស់ដែលអ្នករាល់គ្នាឃើញទាំងនេះ នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មណានៅត្រួតលើគ្នាទៀតឡើយ គឺទាំងអស់នឹងត្រូវទម្លាក់ចុះ»។
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។