ទំនុកតម្កើង 137 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការសោយសោកនឹងមហន្តរាយនៃក្រុងយេរូសាឡិម 1 យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។ 2 នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង នៅដើមចាក 3 ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង គឺពួកអ្នកដែលធ្វើទុក្ខយើង គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន ឲ្យយើងស្តាប់ផង!» 4 ៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចកើត? 5 ឱក្រុងយេរូសាឡិមអើយ ប្រសិនបើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្តាំរបស់ខ្ញុំភ្លេចជំនាញរបស់វាទៅចុះ! 6 ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ប្រសិនបើខ្ញុំមិនដាក់ក្រុងយេរូសាឡិម ឲ្យខ្ពស់លើសជាងអំណរដ៏ខ្ពស់បំផុតរបស់ខ្ញុំទេ នោះសូមឲ្យអណ្ដាតខ្ញុំ ស្អិតជាប់នឹងក្រអូមមាត់ខ្ញុំទៅចុះ! 7 ៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!» 8 ឱកូនស្រីក្រុងបាប៊ីឡូនអើយ ឯងនឹងត្រូវវិនាសមិនខាន មានពរហើយ អ្នកណាដែលសងដល់ឯង តាមអំពើដែលឯងបានប្រព្រឹត្តចំពោះយើង! 9 មានពរហើយ អ្នកណាដែលនឹងចាប់កូនតូច របស់ឯង ទៅបោកនឹងថ្ម! |
© 2016 United Bible Societies
Bible Society in Cambodia