ម៉ាថាយ 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។ ព្រះគម្ពីរខ្មែរសាកល “មានឮសំឡេងពីរ៉ាម៉ា ជាសំឡេងទំនួញ និងសំឡេងទុក្ខព្រួយយ៉ាងខ្លាំង។ រ៉ាជែលកំពុងយំសោកនឹងកូនៗរបស់នាង នាងមិនព្រមទទួលការសម្រាលទុក្ខឡើយ ដ្បិតពួកគេមិននៅទៀតទេ” ។ Khmer Christian Bible «គេឮសំឡេងនៅភូមិរ៉ាម៉ា ជាការទ្រហោយំ និងការកាន់ទុក្ខសោកសៅ ឯនាងរ៉ាជែលទ្រហោយំដោយព្រោះកូនឥតក្សាន្តចិត្តសោះ ដ្បិតកូនរបស់នាងបានស្លាប់អស់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសម្រាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «មានសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។ អាល់គីតាប «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសំរាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។ |
លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកម្សាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ។
ដ្បិតខ្ញុំបានឮសំឡេងមួយ ដូចជាសំឡេងរបស់ស្រី ដែលឈឺហៀបសម្រាលកូន ជាសេចក្ដីព្រួយបារម្ភរបស់ស្រី ដែលសម្រាលកូនជាដំបូង គឺជាសំឡេងកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា "វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សម្លាប់នេះ"»។
ព្រះអង្គក៏បើកក្រាំងនោះនៅមុខខ្ញុំ ឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅ មានកត់ទុកសុទ្ធតែពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនា។
មនុស្សទាំងអស់យំសោកសង្រេងនឹងនាង តែព្រះអង្គមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងដេកលក់ទេតើ!»។
បន្ទាប់មក ខ្ញុំបានឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់លំហអាកាស ទាំងបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «វេទនា វេទនា វេទនាហើយ អស់អ្នកដែលនៅផែនដី ព្រោះតែសូរត្រែរបស់ទេវតាទាំងបី ដែលហៀបនឹងផ្លុំ!»។