ម៉ាថាយ 2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា 2 តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។ 3 កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង 4 កាលបានប្រជុំពួកសង្គ្រាជ នឹងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា 5 នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្ដីទុកមកដូច្នេះថា 6 «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយនៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។ 7 នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា 8 រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅសើុបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ 9 កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់ 10 គេមានសេចក្ដីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ 11 ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ 12 រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។ 13 កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច 14 គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច នឹងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ 15 ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក»។ 16 លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់ 17 នោះបានសំរេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា 18 «មានសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។ 19 លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែប នៅស្រុកអេស៊ីព្ទ ថា 20 ចូរក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ 21 គាត់ក៏ក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ 22 ប៉ុន្តែគាត់ឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតាទ្រង់ នោះគាត់ខ្លាចមិនហ៊ានទៅឯទីនោះទេ ក៏ចេញទៅនៅស្រុកកាលីឡេវិញ តាមដែលព្រះទ្រង់បានពន្យល់សប្តិប្រាប់គាត់ 23 រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia