ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
និក្ខមនំ 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ អាល់គីតាប ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះ គឺជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាតិសាសន៍មួយដ៏ធំ។
លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។
ប៉ុន្តែ លោកអេលាសារ និងព្រះបាទដាវីឌបានឈរនៅកណ្ដាលស្រែ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនអស់ ព្រះយេហូវ៉ាបានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ។
រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។
អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។
ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម
ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់
តែព្រះនឹងវាយបំបែកក្បាល ខ្មាំងសត្រូវរបស់ព្រះអង្គ គឺថ្ងាសនៃអ្នកដែលចេះតែដើរ ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។
ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។
ដូច្នេះ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានសង្គ្រោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែលបានឃើញខ្មោចសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ។
លោកម៉ូសេឆ្លើយទៅប្រជាជនថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យាងមកដើម្បីល្បងលអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាកោតខ្លាចព្រះអង្គ ប្រយោជន៍កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ
ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច និងដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ។ មានតែព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទេ ដែលអាចសង្គ្រោះសាសន៍អ៊ីស្រាអែល។
បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។
ប៉ុន្ដែ យើងនឹងអាណិតមេត្តាដល់ពូជពង្សយូដា ហើយយើងនឹងសង្គ្រោះគេ មិនមែនដោយធ្នូ ដាវ សង្គ្រាម សេះ ឬពលសេះឡើយ គឺនឹងសង្គ្រោះគេដោយសារព្រះយេហូវ៉ា ជាព្រះរបស់គេ»។
ប៉ុន្ដែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
ឱអ៊ីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក ដ្បិតអ្នកទាស់ប្រឆាំងនឹងយើង គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
ព្រះអង្គបានយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់-
តើព្រះយេហូវ៉ាមានព្រះហឫទ័យថ្នាំងថ្នាក់ ចំពោះទន្លេទាំងប៉ុន្មានឬ? តើសេចក្ដីខ្ញាល់របស់ព្រះអង្គតម្រង់ទាស់នឹងទន្លេ ឬសេចក្ដីក្រោធរបស់ព្រះអង្គបានទាស់នឹងសមុទ្រឬ បានជាព្រះអង្គឡើងគង់លើសេះរបស់ព្រះអង្គ ហើយលើរថនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គទៅដូច្នេះ?
សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះឡើយ ដ្បិតគេគ្រាន់តែជាអាហារសម្រាប់យើងប៉ុណ្ណោះ ទីការពាររបស់គេបានរើចេញពីគេទៅហើយ ព្រះយេហូវ៉ាក៏គង់នៅជាមួយយើងដែរ មិនត្រូវខ្លាចគេឡើយ»។
ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង
"ចូរស្តាប់ អ៊ីស្រាអែលអើយ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវមានចិត្តតក់ស្លុត ក៏កុំភ័យខ្លាច ញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឡើយ
ប៉ុន្តែ ស្ដេចសូលមានរាជឱង្ការថា៖ «នៅថ្ងៃនេះ មិនត្រូវសម្លាប់អ្នកណាទេ ដ្បិតថ្ងៃនេះ ព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្ដីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល»។
ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ានឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ។