ទំនុកតម្កើង 76:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះអង្គ ព្រះអង្គហើយដែលគួរស្ញែងខ្លាច! កាលសេចក្ដីក្រោធរបស់ព្រះអង្គឆួលឡើង តើអ្នកណាអាចឈរនៅចំពោះព្រះអង្គបាន? ព្រះគម្ពីរខ្មែរសាកល មានតែព្រះអង្គទេ ដែលគួរឲ្យកោតខ្លាច! នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចឈរនៅចំពោះព្រះអង្គបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច ទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច កាលណាទ្រង់មានសេចក្ដីខ្ញាល់ នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន អាល់គីតាប ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន? |
ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គសុចរិត ដ្បិតមានតែយើងខ្ញុំដែលនៅសេសសល់នេះទេបានរួចជីវិត ដូចមានសព្វថ្ងៃនេះ។ មើល៍ យើងខ្ញុំនៅចំពោះព្រះអង្គ ទាំងជាប់មានបាប ដ្បិតដោយព្រោះអំពើបែបនេះ គ្មានអ្នកណាអាចឈរនៅចំពោះព្រះអង្គបានឡើយ»។
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន?
ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយអ្នករាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រក។
ជាព្រះដែលគួរស្ញែងខ្លាច នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នក នៅជុំវិញព្រះអង្គនោះ?
តើអ្នកណាស្គាល់អំណាច នៃសេចក្ដីក្រោធរបស់ព្រះអង្គ? សេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។
ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។
តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះ បានមកដល់ហើយ ចូរក្រាបថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ!»។
ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។