ទំនុកតម្កើង 76 - ព្រះគម្ពីរខ្មែរសាកលព្រះគួរឲ្យស្ញែងខ្លាច ចម្រៀងមួយ ជាបទតម្កើងរបស់អេសាភ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយគ្រឿងតន្ត្រីមានខ្សែ។ 1 ព្រះត្រូវបានស្គាល់នៅយូដា ព្រះនាមរបស់ព្រះអង្គធំឧត្ដមនៅអ៊ីស្រាអែល។ 2 ព្រះពន្លារបស់ព្រះអង្គស្ថិតនៅសាឡិម ដំណាក់របស់ព្រះអង្គស្ថិតនៅស៊ីយ៉ូន។ 3 នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញភ្លើងពីធ្នូ ព្រមទាំងខែល ដាវ និងអាវុធចម្បាំងផង។ សេឡា 4 ព្រះអង្គភ្លឺត្រចះត្រចង់ ហើយឧត្ដុង្គឧត្ដមលើសជាងភ្នំនានានៃរំពា។ 5 ពួកអ្នកដែលមានចិត្តក្លាហានត្រូវគេប្លន់ ពួកគេបានលង់លក់ទៅក្នុងដំណេកហើយ គ្មានមនុស្សអង់អាចណាអាចលើកដៃរបស់ខ្លួនបានឡើយ។ 6 ព្រះនៃយ៉ាកុបអើយ ដោយការស្ដីបន្ទោសរបស់ព្រះអង្គ អ្នកជិះរទេះចម្បាំង និងសេះបានលង់លក់អស់ហើយ! 7 មានតែព្រះអង្គទេ ដែលគួរឲ្យកោតខ្លាច! នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាចឈរនៅចំពោះព្រះអង្គបាន? 8 ព្រះអង្គបានប្រកាសសាលក្រមពីស្ថានសួគ៌ ផែនដីក៏ភ័យខ្លាច ហើយនៅស្ងៀម; 9 ពេលនោះ ព្រះបានក្រោកឡើងដើម្បីសេចក្ដីយុត្តិធម៌ ដើម្បីសង្គ្រោះមនុស្សតូចទាបទាំងអស់នៅលើផែនដី។ សេឡា 10 សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។ 11 ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ! 12 ព្រះអង្គនឹងផ្ដាច់វិញ្ញាណរបស់ពួកអ្នកដឹកនាំ ព្រះអង្គត្រូវបានកោតខ្លាចពីបណ្ដាស្ដេចនៃផែនដី៕ |