Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 76 - អាល់គីតាប


ពី​ភ្នំ​ស៊ីយ៉ូន អុលឡោះ​ពន្លត់​ភ្លើង​សង្គ្រាម
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់​លោក​អេសាភ។ ចំរៀង​តម្កើង​អុលឡោះ​។

1 នៅ​ស្រុក​យូដា គេ​ស្គាល់​អុលឡោះ​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រ‌អែល នាម​របស់​ទ្រង់​ល្បី‌ល្បាញ​ណាស់!

2 ជំរំ‌សក្ការៈ​របស់​ទ្រង់​ស្ថិត​នៅ​ក្រុង​សាឡឹម​ ដំណាក់​របស់​ទ្រង់​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។

3 នៅ​ទី​នោះ​ហើយ​ដែល​ទ្រង់​បាន​កំទេច​គ្រឿង សស្រ្ដា‌វុធ គឺ​មាន​ធ្នូ ខែល និង​ដាវ​ជា​ដើម។ - សម្រាក

4 ឱ​អុលឡោះ​អើយ ទ្រង់​ប្រកប​ដោយ​សិរី‌រុង‌រឿង គួរ​ជា​ទី​ស្ញប់‌ស្ញែង នៅ​ពេល​ទ្រង់​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញ ក្រោយ​ពី​បាន​យក​ជ័យ‌ជំនះ​ ។

5 ទ្រង់​បាន​ដក​អាវុធ​ពី​អ្នក ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ ពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតី ទាហាន​ដ៏​ពូកែ​ទាំង​នោះ លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។

6 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យ៉ាកកូប​អើយ ពេល​ទ្រង់​ស្រែក​គំរាម កង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។

7 ទ្រង់​អើយ ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ទ្រង់​ខឹង តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ទ្រង់​បាន?

8 ទ្រង់​មាន​បន្ទូល​ជំនុំ‌ជម្រះ​ពី​លើ​មេឃ​មក មនុស្ស‌ម្នា​លើ​ផែនដី​នៅ​ស្ងៀម​ស្ងាត់ ដោយ​កោត​ខ្លាច

9 គឺ​ទ្រង់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​មនុស្ស​ទន់‌ទាប​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នេះ។ - សម្រាក

10 ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។

11 ចូរ​ជូន​ទៅ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ទ្រង់ អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អុលឡោះ ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​អើយ ចូរ​យក​ជំនូន​មក​ជូន​ទ្រង់!

12 ទ្រង់​បំបាក់​អំនួត​របស់​ស្ដេច​នានា ហើយ​ធ្វើ​ឲ្យ​ស្តេច​ទាំង‌ឡាយ នៅ​លើ​ផែនដី​ស្ញែង​ខ្លាច​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម