ព្រះយេហូវ៉ាជាមហាក្សត្រ ដ៏គង់នៅអស់កល្បជានិច្ច សាសន៍ដទៃនឹងត្រូវវិនាស អស់ពីស្រុករបស់ព្រះអង្គ។
ទំនុកតម្កើង 146:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះយេហូវ៉ានឹងសោយរាជ្យអស់កល្បជានិច្ច ឱក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងសោយរាជ្យគ្រប់ជំនាន់តរៀងទៅ! ហាលេលូយ៉ា! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងគ្រងរាជ្យជារៀងរហូត! ស៊ីយ៉ូនអើយ ព្រះរបស់នាងគ្រងរាជ្យពីជំនាន់មួយទៅជំនាន់មួយ! ហាលេលូយ៉ា!៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ហាលេលូយ៉ា!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ អាល់គីតាប អុលឡោះតាអាឡានឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ម្ចាស់របស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ចូរសរសើរតម្កើងអុលឡោះ!។ |
ព្រះយេហូវ៉ាជាមហាក្សត្រ ដ៏គង់នៅអស់កល្បជានិច្ច សាសន៍ដទៃនឹងត្រូវវិនាស អស់ពីស្រុករបស់ព្រះអង្គ។
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
៙ ឱក្រុងយេរូសាឡិមអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក!
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
ឱក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱយេរូសាឡិម ជាអ្នកនាំដំណឹងល្អអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា "មើល៍ ព្រះនៃអ្នករាល់គ្នា!"។
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។