បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ជនគណនា 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ អ្នកស្រីម៉ារាមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។ អាល់គីតាប សហគមន៍អ៊ីស្រអែលទាំងមូល បានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ សាទីម៉ារៀមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ព្រះសូរសៀងរបស់ព្រះយេហូវ៉ា កក្រើកទីរហោស្ថាន ព្រះយេហូវ៉ាអង្រួនទីរហោស្ថានការដេស។
ពេលនោះ ហោរាម៉ារាម បងស្រីរបស់លោកអើរ៉ុន យកក្រាប់មកកាន់នៅដៃ ហើយស្ត្រីទាំងអស់ក៏ចេញទៅតាម ទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេង។
បងស្រីរបស់កូននោះក៏ឈរមើលពីចម្ងាយ ចង់ដឹងថានឹងកើតមានហេតុយ៉ាងណាដល់កូននោះ។
ពេលនោះ បងស្រីរបស់ទារកទូលបុត្រីផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្ត្រីសាសន៍ហេព្រើរ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»
ឯព្រំដែនខាងត្បូង លាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកអេស៊ីព្ទ ដែលហូរធ្លាក់ទៅសមុទ្រធំ។ នេះជាព្រំដែនខាងត្បូង។
ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង
កាលគេកំពុងនៅហាសិរ៉ូត ម៉ារាម និងលោកអើរ៉ុននិយាយទាស់នឹងលោកម៉ូសេ ដោយព្រោះប្រពន្ធរបស់លោកជាស្ត្រីសាសន៍គូស ដ្បិតលោកបានយកស្ត្រីសាសន៍គូសធ្វើជាប្រពន្ធ។
កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។
ដូច្នេះ គេក៏បង្ខាំងម៉ារាមនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃ ហើយប្រជាជនមិនចេញដំណើរទៅមុខឡើយ រហូតទាល់តែបាននាំម៉ារាមមកវិញ។
ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
ក្រោយពីគេបានចេញដំណើរពីកាដេស កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ភ្នំហោរ។
លោកម៉ូសេដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់លោក រួចលោកអើរ៉ុនក៏ស្លាប់នៅលើកំពូលភ្នំនោះទៅ។ លោកម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ។
ប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិត ជាកូនរបស់លេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ។ កូនដែលនាងបានបង្កើតជូនអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម ជាបងស្រីរបស់គេ។
ព្រោះអ្នកបានបះបោរប្រឆាំងនឹងពាក្យរបស់យើង នៅទីរហោស្ថានស៊ីន នៅពេលក្រុមជំនុំឈ្លោះជាមួយយើង ។ អ្នកមិនបានសម្ដែងឲ្យពួកគេឃើញពីភាពបរិសុទ្ធរបស់យើងនៅចំពោះមុខពួកគេ នៅកន្លែងទឹកឡើយ»។ (គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន)។
ដូច្នេះ អ្នករាល់គ្នាបានស្នាក់នៅត្រង់កាដេសជាច្រើនថ្ងៃ គឺអ្នករាល់គ្នាស្នាក់នៅទីនោះជាយូរ»។
ឯវេលាដែលពួកយើងបានដើរពីកាដេស-បារនា រហូតដល់យើងបានឆ្លងស្ទឹងសេរេត មានរយៈពេលសាមសិបប្រាំបីឆ្នាំ ទាល់តែជំនាន់មនុស្សដែលជំនាញក្នុងចម្បាំងទាំងអស់នោះ បានសាបសូន្យពីពួកយើងទៅ ដូចព្រះយេហូវ៉ាបានស្បថនឹងគេ។
ព្រោះអ្នកបានរំលងទាស់នឹងយើង នៅកណ្ដាលប្រជាជនអ៊ីស្រាអែល ត្រង់ទឹកមេរីបានៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន ព្រោះអ្នកមិនបានលើកយើងជាបរិសុទ្ធ នៅកណ្ដាលប្រជាជនអ៊ីស្រាអែលទេ ។
តែកាលគេឡើងពីស្រុកអេស៊ីព្ទមក សាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដេស។