Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 20 - អាល់គីតាប


ប្រភព​ទឹក​នៅ​មេរីបា

1 សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ សាទី​ម៉ារៀម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។

2 ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន។

3 ប្រជា‌ជន​រក​រឿង​ម៉ូសា​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បង​ប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះអុលឡោះ‌តាអាឡា នោះ​ប្រសើរ​ជាង!

4 ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​នាំ​ក្រុម​ជំអះ​របស់អុលឡោះ‌តាអាឡា ឲ្យ​មក​ស្លាប់​នៅ​វាលរហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ?

5 ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង​បាយ​ជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។

6 ម៉ូសា និង​ហារូន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុម​ជំអះ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ អ្នក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​អ្នក​ទាំង​ពីរ​ឃើញ។

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

8 «ចូរ​យក​ដំបង រួច​អ្នក និង​ហារូន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប​ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម​ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។

9 ម៉ូសា​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះអុលឡោះ‌តាអាឡា ដូច​ទ្រង់​បាន​បង្គាប់​គាត់។

10 ម៉ូសា និង​ហារូន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប​ជុំ​គ្នា នៅ​មុខ​ថ្មដា។ ម៉ូសា​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះបោរ​អើយ ចូរ​ស្តាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នេះ សម្រាប់​អ្នក​រាល់​គ្នា បាន​ឬ​មិន​បាន​?»។

11 ម៉ូសា​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​គាត់​វាយ​ថ្មដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។

12 ពេលនោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សំដែង​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ស្គាល់​ភាព​បរិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុម​ជំអះ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ​ឡើយ»។

13 គឺ​នៅ​ត្រង់​ទឹក​មេរីបា​នោះ​ហើយ ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​រក​រឿងអុលឡោះ‌តាអាឡា ប៉ុន្តែ ទ្រង់​បាន​សំដែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​បរិសុទ្ធ​របស់​អុលឡោះ។


ស្តេច​ស្រុក​អេដុម​មិន​ព្រម​ឲ្យ​អ៊ីស្រ‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​គេ

14 ម៉ូសា​បាន​ចាត់​អ្នក​នាំ​សារ ពី​កាដេស​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ហើយ​ប្រាប់​ថា៖ «សូម​ស្តេច​ស្តាប់​ពាក្យ​របស់​អ៊ីស្រ‌អែល ជា​បង​ប្អូន​របស់​ស្តេច។ ស្តេច​ជ្រាប​ស្រាប់​ហើយ​ថា យើងខ្ញុំ​បាន​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង។

15 បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ ក៏​ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប​ពួក​យើង គឺ​ទាំង​យើង​ខ្ញុំ​ផ្ទាល់ ទាំង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ។

16 យើង​ខ្ញុំ​ស្រែក​អង្វរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ទ្រង់​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​រូប ឲ្យ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដេស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ស្តេច។

17 យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ស្តេច តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ស្តេច​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្តូង​របស់​ស្តេច​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ​ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្តាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ស្តេច»។

18 ស្តេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។

19 ជន‌ជាតិ​អ៊ីស្រ‌អែល​ជម្រាប​ស្តេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ស្តេច នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។

20 ស្តេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន‌ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់​ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន‌ជាតិ​អ៊ីស្រ‌អែល

21 មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។


ណាពី​ហារូន​ទទួល​មរណ‌ភាព

22 សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​កាដេស ទៅ​ដល់​ភ្នំ​ហោរ។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​នៅ​ភ្នំ​ហោរ​ដែល​នៅ​ជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​អេដុម​ថា៖

24 «បន្តិច​ទៀត ហារូន​នឹង​ទៅ​ជួប​ជុំ​ដូន​តា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ​បោរ​នឹង​បញ្ជា​របស់​យើង​នៅ​ប្រភព​ទឹក​មេរីបា។

25 ចូរ​នាំ​ហារូន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់​ឡើង​ទៅ​លើ​ភ្នំ​ហោរ។

26 នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក​បំពាក់​ចេញ​ពី​ហារូន រួច​ពាក់​ឲ្យ​អេឡាសារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​ហារូន​ត្រូវ​ទទួល​មរណ‌ភាព»។

27 ម៉ូសា​បាន​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។ ពួក​គាត់​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ​នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។

28 គាត់​ដោះ​សម្លៀក​បំពាក់​ចេញ​ពី​ហារូន ហើយ​ពាក់​ឲ្យ​លោក​អេឡាសារ ជា​កូន។ ហារូន​ទទួល​មរណ‌ភាព​នៅ​លើ​កំពូល​ភ្នំ​នោះ។ ម៉ូសា និង​លោក​អេឡាសារ​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក​វិញ។

29 សហគមន៍​ទាំង​មូល​បាន​ឃើញ​ហារូន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​ហារូន អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម