ជនគណនា 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកអើរ៉ុន និងនាងម៉ារាមច្រណែននឹងលោកម៉ូសេ 1 កាលគេកំពុងនៅហាសិរ៉ូត ម៉ារាម និងលោកអើរ៉ុននិយាយទាស់នឹងលោកម៉ូសេ ដោយព្រោះប្រពន្ធរបស់លោកជាស្ត្រីសាសន៍គូស ដ្បិតលោកបានយកស្ត្រីសាសន៍គូសធ្វើជាប្រពន្ធ។ 2 គេនិយាយថា៖ «តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែតាមរយៈលោកម៉ូសេប៉ុណ្ណោះទេឬ? តើព្រះអង្គមិនបានមានព្រះបន្ទូលតាមរយៈពួកយើងដែរទេឬ?» ព្រះយេហូវ៉ាបានឮពាក្យនោះ។ 3 រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។ 4 រំពេចនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ អើរ៉ុន និងម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅកាន់ត្រសាលជំនុំទៅ»។ ដូច្នេះ អ្នកទាំងបីក៏ចេញទៅ។ 5 ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងបង្គោលពពក ឈរនៅត្រង់ទ្វារចូលត្រសាល ហើយមានព្រះបន្ទូលហៅអើរ៉ុន និងម៉ារាម រួចអ្នកទាំងពីរក៏ចេញមក។ 6 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។ 7 ចំណែកឯម៉ូសេ ជាអ្នកបម្រើរបស់យើង យើងមិនធ្វើដូច្នោះទេ ព្រោះគាត់ជាអ្នកស្មោះត្រង់ក្នុងដំណាក់របស់យើងទាំងមូល។ 8 យើងនិយាយជាមួយគាត់ដោយផ្ទាល់មាត់ យ៉ាងច្បាស់ មិនមែនដោយប្រស្នាទេ ហើយគាត់សម្លឹងមើលរូបអង្គនៃព្រះយេហូវ៉ាទៀតផង។ ចុះហេតុអ្វីបានជាអ្នកហ៊ាននិយាយទាស់នឹងម៉ូសេ ជាអ្នកបម្រើរបស់យើងដូច្នេះ?»។ 9 សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចេញទៅ។ 10 កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។ 11 ពេលនោះ អើរ៉ុនអង្វរលោកម៉ូសេថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមកុំដាក់ទោសយើងខ្ញុំ ដោយព្រោះអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្តយ៉ាងល្ងង់ខ្លៅដល់ម្ល៉េះឡើយ។ 12 សូមកុំឲ្យនាងបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្ដាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ»។ 13 លោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ សូមមេត្តាប្រោសម៉ារាមឲ្យបានជាផង!» 14 ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «ប្រសិនបើឪពុកនាងស្តោះទឹកមាត់ដាក់មុខនាង តើនាងមិនត្រូវរងសេចក្ដីខ្មាសអស់រយៈពេលប្រាំពីរថ្ងៃទេឬ? ដូច្នេះ ចូរបង្ខាំងនាងឲ្យនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃទៅ បន្ទាប់មក សឹមនាំនាងមកវិញ»។ 15 ដូច្នេះ គេក៏បង្ខាំងម៉ារាមនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃ ហើយប្រជាជនមិនចេញដំណើរទៅមុខឡើយ រហូតទាល់តែបាននាំម៉ារាមមកវិញ។ 16 បន្ទាប់មក ប្រជាជនចេញដំណើរពីហាសិរ៉ូត ទៅបោះជំរំនៅទីរហោស្ថានប៉ារ៉ាន។ |
© 2016 United Bible Societies
Bible Society in Cambodia