១ ធីម៉ូថេ 1:15 - អាល់គីតាប ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។ ព្រះគម្ពីរខ្មែរសាកល ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។ Khmer Christian Bible ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្តយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ |
នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
អ៊ីសាបាន ឮគេនិយាយដូច្នេះ ក៏ឆ្លើយថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
ពួកខាងគណៈផារីស៊ និងពួកតួនរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។
ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្ដគំនិត»។
រីឯអស់អ្នកដែលបានទទួលគាត់ គឺអស់អ្នកដែលជឿលើនាមគាត់ គាត់ប្រទានឲ្យគេអាចទៅជាបុត្ររបស់អុលឡោះ។
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។
អ្នកណាជឿលើបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីអុលឡោះ»។
ក្រុមសាវ័ក និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលបន្ទូលរបស់អុលឡោះដែរ។
កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ដ ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏អុលឡោះប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីទទួលជីវិតដែរ!»។
អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍អុលឡោះ។
ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះ។
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។
ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្ដអំពើឃោរឃៅក៏ដោយ ក៏គាត់មានចិត្តមេត្ដាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។
ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។
ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាលគាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។
នៅចំពោះអុលឡោះដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា
ពាក្យនេះគួរឲ្យជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយអ៊ីសា យើងក៏នឹងមានជីវិតរស់ រួមជាមួយគាត់ដែរ។
ពាក្យនេះគួរឲ្យជឿ ខ្ញុំចង់ឲ្យអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើអុលឡោះ ខិតខំយកចិត្ដទុកដាក់ប្រព្រឹត្ដអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក!
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងគាត់ទាល់តែសោះ។
អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះកើតចេញពីអ៊ីព្លេស ដ្បិតអ៊ីព្លេសបានប្រព្រឹត្ដអំពើបាប តាំងពីដើមរៀងមក។ បុត្រារបស់អុលឡោះបានមក ដើម្បីរំលាយកិច្ចការរបស់អ៊ីព្លេស។
រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺអុលឡោះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងបុត្រារបស់ទ្រង់។
ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចទ្រង់មានបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។
ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ អុលឡោះតាអាឡាជាម្ចាស់ដែលប្រទានរសរបស់ទ្រង់ដល់ពួកណាពី ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យមកប្រាប់ពួកអ្នកបម្រើទ្រង់ដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។