Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 42 - អាល់គីតាប


ចម្លើយ​ចុង​ក្រោយ​របស់​ណាពី​អៃយ៉ូប

1 អៃយ៉ូប​ឆ្លើយអុលឡោះ‌តាអាឡា​ថា៖

2 «ខ្ញុំ​ទទួល​ស្គាល់​ថា ទ្រង់​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់ ទាល់​តម្រិះ​ឡើយ។

3 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?” ពិត​មែន​ហើយ ខ្ញុំ​បាន​ថ្លែង​នូវ​សេចក្ដី ដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួន គឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញា ដែល​ខ្ញុំ​អាច​យល់ និង​អាច​ស្គាល់។

4 ទ្រង់​មាន​បន្ទូល​ទៀត​ថា “ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ”

5 កាល​ពី​មុន ខ្ញុំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ទ្រង់ ឥឡូវ​នេះ ខ្ញុំ​ឃើញ​ទ្រង់ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។

6 ហេតុ​នេះ ខ្ញុំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។


អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​អៃយ៉ូប​សា​ជា​ថ្មី

7 ក្រោយ​ពេលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទាំង​នេះ​មក​កាន់​អៃយ៉ូប​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។

8 ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ជា​គូរបាន​ដុត​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូរអា‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យា‌ស្រ័យ​ដល់​អៃយ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។

9 លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់។ ពេល​នោះ អុលឡោះ‌តាអាឡា​ក៏​អធ្យា‌ស្រ័យ​ដល់​អៃយ៉ូប។

10 នៅ​ពេល​ដែល​អៃយ៉ូប​ទូរអា‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​គាត់ អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​គាត់​ឲ្យ​បាន​ចំរុង‌ចំរើន​ឡើង​វិញ។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។

11 បង​ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​គាត់ និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​គាត់​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​គាត់ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ពួក​គេ​សំដែង​ការ​អាណិត‌អាសូរ និង​សំរាល​ទុក្ខ​គាត់ ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​គាត់។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​គាត់។

12 អុលឡោះ‌តាអាឡា ប្រទាន​ពរ​ដល់​អៃយ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​គាត់​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។

13 គាត់​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។

14 គាត់​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមី‌ម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ី‌យ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-‌ហាពូក»។

15 នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​អៃយ៉ូប​ទេ។ អៃយ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បង​ប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។

16 ក្រោយ​មក អៃយ៉ូប​រស់​បាន​មួយ​រយ​សែ‌សិប​ឆ្នាំ​ទៀត គាត់​បាន​ឃើញ​កូន​ចៅ​របស់​គាត់​រហូត​ដល់​បួន​តំណ។

17 បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក អៃយ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម