«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
អេសេគាល 34:24 - អាល់គីតាប រីឯយើងជាអុលឡោះតាអាឡាយើងនឹងធ្វើជាម្ចាស់របស់ពួកគេ ទតជាអ្នកបម្រើរបស់យើង នឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនេះ គឺយេហូវ៉ានឹងធ្វើជាព្រះរបស់វារាល់គ្នា ហើយដាវីឌ ជាអ្នកបម្រើរបស់យើង និងធ្វើជាចៅហ្វាយលើវា គឺយើងនេះ ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងជាព្រះអម្ចាស់យើងនឹងធ្វើជាព្រះរបស់ពួកគេ ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនេះ គឺយេហូវ៉ានឹងធ្វើជាព្រះនៃវារាល់គ្នា ហើយដាវីឌ ជាអ្នកបំរើរបស់អញ នឹងធ្វើជាចៅហ្វាយលើវា គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។ |
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
ចូរផ្ទៀងត្រចៀកស្ដាប់ ចូរមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នកនឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នកដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះទត។
យើងបានតែងតាំងទត ឲ្យធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
ពួកគេនឹងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ទត ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់យ៉ាកកូប ព្រមទាំងសំដែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា”។
យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា”។
ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ យើងនឹងស្តារក្រុងនេះឡើងវិញដែរ ប៉ុន្តែ មិនមែនមុនការមកដល់របស់ម្នាក់ ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។
អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា។
យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។
ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាម្ចាស់របស់ពួកគេ។
ពេលនោះ ទតជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមហ៊ូកុំរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមហ៊ូកុំរបស់យើងទៀតផង។
ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យយ៉ាកកូប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយទតជាអ្នកបម្រើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។
ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។
ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រអែលនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
ត្រូវទុកដីដែលនៅសងខាងដីសក្ការៈ និងដីក្រុង គឺដីដែលនៅទន្ទឹមដីសក្ការៈ និងដីក្រុង ទាំងខាងលិច ទាំងខាងកើត ឲ្យមេដឹកនាំ។ ដីរបស់មេដឹកនាំមានទំហំស្មើនឹងចំណែកដីរបស់កុលសម្ព័ន្ធនីមួយៗ។
ដីដែលនៅសល់ ត្រូវបានជាកម្មសិទ្ធិរបស់មេដឹកនាំ គឺដីដែលនៅសងខាងដីសក្ការៈ និងដីរបស់ទីក្រុងមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងគិតចាប់ពីព្រំប្រទល់ខាងកើត និងព្រំប្រទល់ខាងលិច។ ដីសក្ការៈ និងទីសក្ការៈក្នុងម៉ាស្ជិទស្ថិតនៅចំកណ្ដាល។
ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។
អុលឡោះបានលើកអ៊ីសាឡើង ដោយអំណាចរបស់ទ្រង់ ហើយតែងតាំងអ៊ីសាជាអ្នកសង្រ្គោះ និងជាអម្ចាស់ និងជាអ្នកសង្រ្គោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រអែលកែប្រែចិត្ដគំនិត ហើយអុលឡោះលើកលែងទោសឲ្យរួចពីបាប។
អាល់ម៉ាហ្សៀសត្រូវតែគ្រងរាជ្យ ទំរាំដល់អុលឡោះបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមជើងរបស់គាត់។
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ជំរំសក្ការៈរបស់អុលឡោះស្ថិតនៅជាមួយមនុស្សលោកហើយ! ទ្រង់នឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ទ្រង់ ហើយអុលឡោះផ្ទាល់នឹងនៅជាមួយពួកគេ។