អេសេគាល 45 - អាល់គីតាបការបែងចែងទឹកដី 1 «ពេលណាអ្នករាល់គ្នាចាប់ឆ្នោតបែងចែកទឹកដីជាមត៌ក ត្រូវញែកដីមួយចំណែកទុកជាដីសក្ការៈ ជូនអុលឡោះតាអាឡា។ ដីនោះមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថ ត្រូវចាត់ទុកថាជាកន្លែងដ៏វិសុទ្ធ។ 2 ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។ 3 នៅលើផ្ទៃដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថនេះ អ្នកត្រូវវាស់កន្លែងមួយទុកជាទីសក្ការៈដ៏វិសុទ្ធបំផុត។ 4 ដីនោះជាកន្លែងដ៏សក្ការៈនៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ពួកអ៊ីមុាំ ដែលបម្រើអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។ ពួកអ៊ីមុាំនឹងសង់ផ្ទះនៅលើដីនោះ ហើយទីសក្ការៈក៏ស្ថិតនៅលើដីនោះដែរ។ 5 ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងម៉ាស្ជិទ សង់ក្រុងរស់នៅ។ 6 ត្រូវវាស់ដីមួយចំណែកទៀត នៅទន្ទឹមគ្នានឹងដីសក្ការៈដែលមានទទឹងប្រាំពាន់ហត្ថ បណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទុកសម្រាប់ឲ្យកូនចៅអ៊ីស្រអែលសង់ក្រុងរស់នៅ។ 7 ត្រូវទុកដីដែលនៅសងខាងដីសក្ការៈ និងដីក្រុង គឺដីដែលនៅទន្ទឹមដីសក្ការៈ និងដីក្រុង ទាំងខាងលិច ទាំងខាងកើត ឲ្យមេដឹកនាំ។ ដីរបស់មេដឹកនាំមានទំហំស្មើនឹងចំណែកដីរបស់កុលសម្ព័ន្ធនីមួយៗ។ 8 ដីនោះជាចំណែកមត៌ករបស់មេដឹកនាំ នៅក្នុងស្រុកអ៊ីស្រអែល។ មេដឹកនាំដែលយើងតែងតាំង នឹងលែងកេងប្រវ័ញ្ចប្រជាជនរបស់យើងទៀតហើយ ពួកគេនឹងប្រគល់ទឹកដីឲ្យកូនចៅអ៊ីស្រអែលតាមកុលសម្ព័ន្ធរបស់ខ្លួន»។ ភារកិច្ចរបស់មេដឹកនាំ 9 អុលឡោះមានបន្ទូលទៀតថា៖ «មេដឹកនាំអ៊ីស្រអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅលួចប្លន់ប្រជារាស្ត្រជ្រុលពេកហើយ ល្មមឈប់ទៅ! ចូរនាំគ្នាប្រព្រឹត្តតាមសុចរិតយុត្តិធម៌ កុំរឹបអូសយកដីពីប្រជាជនរបស់យើងទៀត! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 10 កុំបំបាត់ភ្នែកជញ្ជីងឡើយ ចូរប្រើអេផា ប្រើបាថឲ្យបានត្រឹមត្រូវ។ 11 អេផាសម្រាប់វាល់ស្រូវ និងបាថ សម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ ដែលជាមូលដ្ឋាននៃរង្វាល់។ 12 រីឯទម្ងន់វិញ ក្នុងមួយស៊ីគ មានម្ភៃកេរ៉ា ហើយមួយមីន មានហុកសិបស៊ីគ។ 13 ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាជំនូននោះ គឺស្រូវមួយភាគហុកសិប ពោតមួយភាគហុកសិប។ 14 ចំណែកឯប្រេងវិញ ត្រូវវាល់មួយភាគរយទុកជាជំនូន ដោយយកបាថ មកវាល់។ មួយហូមែរ មានដប់បាថ ហើយមួយគរក៏មានដប់បាថ ដែរ។ 15 រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រអែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកធ្វើជាគូរបានដុត ជាគូរបានមេត្រីភាព និងធ្វើពិធីរំដោះបាប - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 16 ប្រជាជនទាំងមូលនៅក្នុងស្រុកត្រូវប្រមូលជំនូនទាំងនោះ យកទៅឲ្យមេដឹកនាំស្រុកអ៊ីស្រអែល។ 17 មេដឹកនាំមានភារកិច្ចចាត់ចែងគូរបានដុត ជំនូនផ្សេងៗ និងពិធីច្រួចស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃឈប់សម្រាក និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រអែលប្រារព្ធធ្វើ។ គេនឹងជូនគូរបានលោះបាប ជំនូនម្សៅ គូរបានដុត គូរបាននៃមេត្រីភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រអែល»។ ពិធីជម្រះទីសក្ការៈឲ្យបានបរិសុទ្ធ 18 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅថ្ងៃទីមួយនៃខែទីមួយ ត្រូវយកគោស្ទាវឈ្មោលមួយល្អឥតខ្ចោះ មកធ្វើគូរបាន ដើម្បីជម្រះទីសក្ការៈឲ្យបានបរិសុទ្ធ។ 19 អ៊ីមុាំត្រូវយកឈាមរបស់សត្វ ដែលជាគូរបានរំដោះបាបនោះ លាបនៅលើក្របទ្វារនៃម៉ាស្ជិទ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។ 20 នៅថ្ងៃទីប្រាំពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេសប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជម្រះម៉ាស្ជិទឲ្យបានបរិសុទ្ធ។ 21 នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យរំលង។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ 22 នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាគូរបានរំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។ 23 ក្នុងអំឡុងពេលបុណ្យប្រាំពីរថ្ងៃនោះ មេដឹកនាំត្រូវយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរដ៏ល្អឥតខ្ចោះ មកជូនរៀងរាល់ថ្ងៃ ជាគូរបានដុត ហើយរៀងរាល់ថ្ងៃ ត្រូវជូនពពែឈ្មោលមួយជាគូរបានលោះបាបផង។ 24 សម្រាប់គោមួយ ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។ 25 នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ នៅពេលបុណ្យ ត្រូវជូនគូរបានលោះបាប ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ព្រមទាំងគូរបានដុត និងជំនូនម្សៅលាយជាមួយប្រេងដូចមុនដែរ»។ |
© 2014 United Bible Societies, UK.
United Bible Societies